តាកែវៈ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបយួដៃពីស្ត្រីម្នាក់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង។
ជនរងគ្រោះឈ្មោះ អ៊ូច ពៅ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវជនសង្ស័យលួចយកប្រាក់ចំនួន ៥០.០០០៛ (ប្រាំម៉ឺនរៀល) ក្នុងកាបូប រួចក៏ជិះម៉ូតូគេចខ្លួនបាត់។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង៣០នាទីរសៀលថ្ងៃដដែល ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបម្ដងទៀត នៅចំណុចខាងកើតកោះព្នៅ ស្ថិតក្នុងភូមិសែនភាស ឃុំទ្រា ស្រុកសំរោង ដោយឆក់កាបូបយួដៃរបស់ស្ត្រីរងគ្រោះឈ្មោះ ច្រិង ផល្លី អាយុ ២៤ឆ្នាំ រស់នៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដោយក្នុងកាបូប មានទូរស័ព្ទដៃ ១ គ្រឿង ។
ក្រោយទទួលបានដំណឹងភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាន បានចុះអន្តរាគមន៍ ពួនស្ទាក់គ្រប់ច្រកល្ហក រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង។
ជនសង្ស័យ ឈ្មោះ សុ គីម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។
សម្ភារដកហូតបាន រួមមានម៉ូតូ១ គ្រឿងម៉ាកC125 ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FP-0420 ដែលជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសថ្ស័យ និងវត្ថុតាង កំពុងត្រូវបានកម្លាំង ជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់