ភ្នំពេញៈ រថយន្តកូរ៉េបួនតោនមួយគ្រឿង បើកបោះពួយយ៉ាងលឿន រួចក៏រេចង្កូតទៅបុកសួនច្បារចែកទ្រូងផ្លូវ និងស្លាក់ប៉ាណូ ហើយនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម រួមទាំងបាក់របងសាលាបាក់អស់មួយផ្ទាំងទៀត។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុគេឃើញបុរសពីរនាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តកូរ៉េបួនតោន ពាក់ស្លាកលេខ ភ្នំពេញ 3B-4825។ ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើរេចង្កូតទៅខាងឆ្វេងទៅឡើងសួនច្បារចែកទៅបុកនឹងស្លាកប៉ាណូ ដែលនៅលើសួនច្បារចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ដួលដល់ដី ហើយរថយន្តនៅមិនទាន់អស់ក៏ឆ្លងទៅផ្លូវម្ខាងទៀតទៅបុកបង្គោលភ្លើងមួយដើមបណ្តាលឲ្យបាក់ទ្រេត តែរថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករបងសាលាបឋមសិក្សាភ្នំពេញថ្មី បណ្តាលឲ្យបាក់អស់មួយផ្ទាំង។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តដែលរងការខូចខាតនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់