ព័ត៌មានជាតិ

រន្ធត់! សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិម្នាក់ ត្រូវរថយន្ដFord បុកស្លាប់មួយរំពេច

ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:ពេលកំពុងជិះម៉ូតូ Beat ត្រូវរថយន្ដមួយគ្រឿង ម៉ាក Ford បើកបុកពេញទំហឹង ត្រង់ចំណុចផ្លូវបំបែកជាបួន ហើយក្រោយបង្កហេតុរថយន្ដបង្កបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ១៨៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឌី សុខផេង ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្នាក់ទី៨ ស្នាក់នៅប្លុកបុរីកីឡា អាគារទី៧ ជិះម៉ូតូម៉ាក Beat ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-3576 ។ ចំណែករថយន្ដបង្កម៉ាកហ្វត ពណ៌ខ្មៅ គ្មានស្លាកលេខ គេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨៤ ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ដបង្កដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៥១ ទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនយ៉ាងលឿន ទៅបុកពេញទំហឹង ហើយក៏កិនជនរងគ្រោះ បណ្ដាលឲ្យ​បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ក្រោយពីបង្កហេតុភ្លាម ម្ចាស់រថយន្ដបានឈប់រួចចុះមកទាញម៉ូតូជនរងគ្រោះដែលគៀបជាប់ក្រោមកង់រថយន្ដរបស់ខ្លួនចេញពីរថយន្ដ រួចបើករថយន្តចេញពីកន្លែងកើតហេតុគេចខ្លួនបាត់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំក្រុមគ្រួសារយកឯកសារមកទទួលម៉ូតូទៅវិញ ៕

មតិយោបល់