តាកែវៈ កាលពីវេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចុះបង្រ្កាប ករណីអំពើលួច បង្កដោយឈ្មោះ ជាង ម៉ក់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិនដើមអង្កោល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។
ជនសង្ស័យនេះជាមុខសញ្ញាដ៏សកម្ម បានលួចផលដំណាំមានតាំងពី ផ្លែខ្នុរ ចេក ស្វាយ ល្ហុង ទំពាំង ក្រៅពីនេះគេបានលួច ជីបាចស្រូវចំនួន១បាវ ធ្យូងចំនួន២បាវ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការបារម្មណ៍ចំពោះទង្វើរបស់ជនសង្ស័យខាងលើនេះ។
សូមបញ្ជាក់ថា ៖ កន្លងមកសមត្ថកិច្ចចេះតែមានការយោគយល់ ព្រោះនឹកថាផលដំណាំដែលលួចទាំងនោៈមានលក្ខណៈតិចតួច ម្យ៉ាងជនសង្ស័យជាមនុស្សក្រីក្រ ប៉ុន្តែដោយសង្កេតលើសកម្មភាព ជនសង្ស័យមិនមានការកែ ប្រែ ទើបជាក់ស្តែងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ រួមទាំងមានវត្ថុតាំង មានផ្លែខ្នុរចំនួន៥ផ្លែ និង ម៉ូតូកញ្ចាស់១គ្រឿង សម្រាប់ធ្វើសកម្មភាព យកមកសាកសួរនិងចាត់ការតាមច្បាប់តែម្តង៕


មតិយោបល់