ព័ត៌មានជាតិ

សង្ស័យករណីឃាតកម្ម ប្តីយកកាំបិតចាក់សម្លាប់ប្រពន្ធ នៅស្រុកអង្គស្នួល!..

កណ្ដាល: កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពស្រ្ដីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលរបស់ខ្លួន ដោយមានស្នាមកាប់ដោយកាបិតចំនួន៥កាំបិត សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ស្រ្ដីរងគ្រោះមានឈ្មោះ ឈិត ម៉ាច ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មកានីរោងចក្រកាត់ដេរ មានទីលំនៅភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧឌុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

បើតាមការបំភ្លឺប្អូនស្រ្ដីជនរងគ្រោះបានឲ្យដឹងថា ស្រ្ដីរងគ្រោះនិងប្ដីតែងតែមានទំនាស់ឈ្លោះប្រកែកគ្នាជាញឹកញាប់ច្រើនលើកច្រើនសាររួចមកហើយ លុះដល់ថ្ងៃកើតហេតុ រូបខ្លួនបានឃើញផ្ទះបង(ស្រ្ដីរងគ្រោះ)ងងឹត មិនបើកភ្លើង រួចក៏ដើរទៅមើល ហើយស្រែកហៅបងស្រ្ដីរបស់ខ្លួនតែមិនឮបងស្រីឆ្លើយតប ភ្លាមនោះក៏ឡើងទៅមើលលើផ្ទះ បញ្ចាំងភ្លើងពិលមើលបានឃើញបងស្រីរបស់ខ្លួនដេកដណ្ដប់ភួយជិតដោយចេញតែចុងជើង រួចចូលទៅជិតចាប់អង្រួនជើង ក៏ស្រាប់តែជើងស្រ្តីរងគ្រោះមានសភាពរឹងបាត់ទៅហើយ រួចបើកភួយមើលក៏ឃើញស្នាមកាំបិតកាប់ត្រង់ក្បាល និងបានរាយការណ៍ជូនមេភូមិ និងនគរបាលប៉ុស្តិ៍ក្រាំងម្កាក់ដើម្បីធ្វើការពិនិត្យ។

ក្រោយពីនគរបាលប៉ុស្ដិ៍បានទទួលព័ត៌មាន ភ្លាមនោះក៏បានរាយការណ៍បន្ដទៅមន្រ្ដីជំនាញស្រុក និងសហការជាមួយមន្រ្ដីជំនាញខេត្ដ ចុះមកពិនិត្យកោសល្យវិច្ច័យសាកសព រួចបញ្ជាក់ថា ស្រ្ដីរងគ្រោះគឺពិតជាស្លាប់ដោយសារករណីឃាតកម្មពិតប្រាកដមែន។ ក្រោយពីធ្វើការពិនិត្យរួច ក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីនេះសមត្ថកិច្ចជំនាញកសាងសំណុំរឿងធ្វើការស្រាវជ្រាវដើម្បីរកជនដៃដល់មកចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់