ភ្នំពេញៈ ជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានសម្រេចហើយ ម្ចាស់ជិះម៉ូតូដេញតាមរហូតដល់ផ្លូវទាល់ ទៅមុខលែងរួច អស់ជម្រើសផ្តួលម៉ូតូចុះរត់ ចាប់បានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ កាលពីវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់ចាប់ខ្លួនបាន ឈ្មោះ ញ៉ែម បុរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិអង្ក្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពុងស្ពឺ រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ជនសង្ស័យទាំង២នាក់ជិះធ្វើសកម្មភាព ម៉ាក Duke ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-1777 ។
ចំណែកជនរងគ្រោះឈ្មោះ រិទ្ធ ចាន់ណារី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងប្តីឈ្មោះ ឃុត បូរ៉ាវី អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ដោយឡែកកាបូបដែលជនសង្ស័យឆក់បាន ពណ៌ក្រហម មានទូរស័ព្ទដៃមួយគ្រឿង និងលុយមួយចំនួនទៀត ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជិះម៉ូតូចេញពីធ្វើការរោងចក្រ បំណងទៅផ្សារសិន មុនចូលផ្ទះ ដោយជិះតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជិះម៉ូតូDuke គ្នា២នាក់ តាមពីក្រោយ ដល់ទន្ទឹមឆក់យកកាបូបពីដៃ ប្រពន្ធ បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់គេចសរសៀរតាម របងបន្ទាយបញ្ជាការដ្ឋាន សំដៅឡើងឆ្ពោះទៅខាង ផ្លូវជាតិលេខ៤ ក៏ប៉ុន្តែ ផ្លូវលំខាងក្រោយតំបន់នោះ ស្មុគស្មាញ កាច់កុង បត់បែនច្រើន ធ្វើឲ្យជនសង្ស័យ ដែលមិនស្គាល់ភូមិសាស្រ្ត បើករត់ទៅដល់ផ្លូវទាល់ ទៅមុខលែងរួច ជម្រើសចុងក្រោយ មានតែផ្តួលម៉ូតូ ចុះរត់ តែត្រូវបានជនរងគ្រោះ ជំនាញខាងបើកម៉ូតូដែរ តាមទាន់ ស្រែកផ្អើលពលរដ្ឋ ដេញចាប់បាន ប៉ូលីសប៉ុស្តិ៍ចោមចៅទៅដល់ភ្លាម ចាប់បានម្នាក់ រត់គេចខ្លួនបាត់ម្នាក់ ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យម្នាក់ រួមជាមួយម៉ូតូមួយគ្រឿង សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី។ ចំណែកសម្ភារៈ កាបូបដែលជនសង្ស័យឆក់បាននោះ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ ៕
មតិយោបល់