ព័ត៌មានជាតិ

រថយន្តហ៊ីណូបុកជាមួយម៉ូតូ ស្លាប់ប្រពន្ធ ប្ដីនិងកូនរបួសស្រាល

ត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់មួយរវាងរថយន្តហ៊ីណូបើកបុកជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់ កាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកភ្នំពេញ3A-5372 បើកបរដោយឈ្មោះ ឃួន ឃីម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះជិះម៉ូតូម៉ាកហុកដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C-1646 បើកបរដោយឈ្មោះ រុំ សារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ឌុបប្រពន្ធឈ្មោះ ពៅ ណារ៉េត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រួមនឹងកូនប្រុសឈ្មោះ រ៉ា សារ៉ាត់ អាយុ៦ឆ្នាំ អ្នកទាំង៣រស់នៅភូមិអណ្ដូងដា ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានបន្តថា គេឃើញរថយន្តបង្កធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូខាងលើពេញទំហឹង បណ្ដាលឲ្យស្រ្តីជាប្រពន្ធស្លាប់នៅនឹងកន្លែង ចំណែកប្ដី និងកូនរងរបួសធ្ងន់ និងស្រាល។

បច្ចុប្បន្នរថយន្តបង្កនិងម៉ូតូជនរងគ្រោះ ត្រូវកម្លាំងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់