ព័ត៌មានជាតិ

បុរសអ្នក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បីម្នាក់ ត្រូវរថយន្តកុងតឺន័រ​បើក​ជែង បុក​ពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញៈ កុងតឺន័រ២គ្រឿង ​បើក​ជែង​គ្នា​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បីដែលបើកបរដោយបុរសម្នាក់ បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺម៉កខ្ទេចស្ទើរទាំងស្រុង និង​បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស​យ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍ខាងលើបង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​១៧ ខែកក្កដា ​ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​អង្គ​តា​គៀត សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

បើតាម​អត្តសញ្ញាណប័ណ្ណ​ដែល​នៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​មានឈ្មោះ វ៉ា ច​ន្ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​កង់​បី មានស្រុក​កំណើត​នៅ​ភូមិ​កន្ទួតប្រោង ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

តាម​ប្រភព​ព័ត៌មាន​នៅកន្លែង​កើតហេតុ​បាន​ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​រ៉ឺ​ម៉ក​កង់​បី ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​ចំនួន​២​គ្រឿង​បាន​បើក​ជែង​គ្នា​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខាងលើ​ពេញទំហឹង​ បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង​រង​ការ​ខូចខាត​ខ្ទេច ។ ចំណែក​អ្នកបើកបរ​រ៉ឺ​ម៉ក​កង់​បី​បាន​រង​របួស​បាក់ដៃ​ផ្នែក​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ។

តាមប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ។ ចំណែកឯ​រថយន្ត​កុងតឺន័រ​ទាំង​២​គ្រឿង​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ។ នៅ​ពេល​នោះ​ដែរ រ៉ឺ​ម៉ក​កង់​បី​ដែល​ក្រឡាប់​ឡើង​រមូរ​ង​ការ​ខូចខាត​ខ្ទេច​នៅ​កណ្តាលផ្លូវ​បង្ក​ឲ្យ​មាន​កកស្ទះ​ចរាចរណ៍ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​រុញ​អូស​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក​ខាង​គ្លីនិក​ឯកជន​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​កន្ទោក​ដឹក ​និង​ស្ទូ​​ច​យក​ទៅ​រក្សា​ទុក រង់ចាំ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​៕

មតិយោបល់