(ហូឡង់)៖ ប៉ូលិសនៅជុំវិញពិភពលោកបានចាប់ខ្លួនមនុស្ស ១៥០នាក់ ក្នុងនោះរួមមានបុគ្គលល្បីឈ្មោះមួយចំនួនត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យ មានជាប់ពាក់ព័ន្ធនឹងការទិញ និងលក់ផលិតផលខុសច្បាប់នៅលើអ៉ិនធើណិត។ នេះបើតាមទីភ្នាក់ងារប៉ូលិសអឺរ៉ុប Europol។
ទីភ្នាក់ងារប៉ូលិសអឺរ៉ុប Europol នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងទៀតថាមនុស្ស១៥០នាក់ខាងលើត្រូវបានចាប់ខ្លួន នៅក្រោមប្រតិបត្តិការឈ្មោះ «Dark HunTOR» ដែលមានគោលដៅបង្រ្កាបទីផ្សារងងឹតលើវែបសាយទុច្ចរិតនានា នៅជុំវិញ ពិភពលោក។ នៅក្នុងប្រតិបត្តិការនេះ ប៉ូលិសក៏បានរឹបអូសប្រាក់សុទ្ធចំនួន ៣១លានដុល្លារ រួមទាំងថ្នាំញៀន ២៣៤គីឡូក្រាម និងកាំភ្លើង៤៥ដើមផងដែរ។
គួរបញ្ជាក់ថា ប្រតិបត្តិការ Dark HunTOR ត្រូវបានធ្វើឡើងនៅក្នុងប្រទេសដូចជា អូស្ត្រាលី, ប៊ុលហ្ការី, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ហូឡង់, ស្វីស, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយនៅក្នុងចំណោមជនសង្ស័យទាំង១៥០ មាន ៦៥នាក់ត្រូវបានឃាត់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ខណៈ៤៧នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ និង២៤នាក់ នៅចក្រភពអង់គ្លេស រួមទាំងនៅតាមប្រទេសដទៃទៀត៕
ប្រភព៖ AFP
មតិយោបល់