ព័ត៌មានជាតិ

ម៉ូតូបុករថយន្តយ៉ាងពេញទំហឹង ត្រង់ចំណុចផ្លូវបែកជា៤ បុរស២នាក់របួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរស២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង បើកក្នុងល្បឿនលឿន បើកបុករថយន្តសាំយ៉ុងយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូនោះរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់បើកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FO-4379 បើកតាមបណ្តោយផ្លូវ ១០៩ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន មិនគោរពភ្លើងសញ្ញាចរាចរណ៍ក៏រេចង្កូតទៅបុករថយន្តសាំយ៉ុងយ៉ាងពេញទំហឹងបណ្តាលឲ្យបុរស២នាក់ដែលជិះម៉ូតូនោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងរថយន្តរងការខូចខាតទ្វារខាងស្តាំរថយន្ត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុវាស់វែង យករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់