ព័ត៌មានជាតិ

គំនុំរឿងធាក់ ៣ដង ឪពុកទាញពូថៅកាប់ចំក្បាលកូនប្រុសបង្កើតស្លាប់យ៉ាងអណោចអធ័ម

កំពង់ធំ: កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នេះ មានករណីឪពុកបង្កើតយកខ្នងពូថៅវាយចំក្បាលកូនប្រុសកំពុងដេកអង្រឹងស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិ ពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បើតាមសម្ដីអ្នកជិតខាងបានឲ្យដឹងថា ឪពុក និងកូនប្រុងច្បងតែងតែមានរឿងឈ្លោះគ្នា រកាំរកូសជាធម្មតារៀងរាល់ថ្ងៃពុំសូវខានទេ រហូតមកដល់ថ្ងៃកើតហេតុឪពុកបានផឹកស្រវឹងទៅចងគោ ពេលត្រឡប់មកផ្ទះវិញ ក៏ឃើញកូនប្រុសដេកលក់ស្កប់ស្កល់ក៏យកខ្នងពូថៅវាយក្បាលកូនជាច្រើនដងរហូតបែកលលាក្បាល បាក់ធ្មេញទាំងក្រាស ឈាមហូរដាប់ដី។

ពេលឃើញដូច្នេះក៏ហៅរថយន្ដសង្រ្គោះដឹកបញ្ចូនទៅពេទ្យតែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតពេលដែលរថយន្ដដឹកដល់ពាក់កណ្ដាលផ្លូវ។ យោងតាមសំដីឪពុកបានឲ្យដឹងថា កូនប្រុសគាត់ទាត់ធាត់គាត់៣ដងហើយ ទើបគាត់ចងគំនុំឈានដល់យកពូថៅវាយក្បាល ។
ជនរងគ្រោះមានឈ្មោះ ហេង ហុងគី អាយុ២៤ឆ្នាំ បានស្លាប់នៅម៉ោង២និង១០នាទីរសៀលថ្ងៃដដែល និងឪពុក ឈ្មោះ ហេង គួន រស់នៅក្នុងភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីកសាងសំនុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់