ព័ត៌មានកីឡា ព័ត៌មានជាតិ

រនាំងដែកស្ថាបនា ផ្តួលក្រេឌីត ក្នុងលទ្ធផល ៥-១

ភ្នំពេញៈ ក្រុមកីឡាករបាល់ទាត់រនាំងដែកស្ថាបនា បានផ្ដួលក្រុមកីឡាករក្រេឌីត ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃអាទិត្យសប្ដាហ៍កន្លងទៅ នៅទីលានស្តាតចាស់ ក្របខ័ណ្ឌពានរង្វាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆ្នាំ២០១៦។

គ្រាន់តែបើកការប្រកួតភ្លាម នាដើមតង់ទីមួយ កីឡាករទាំងពីរក្រុម បានបើកការវាយសម្រុកដាក់គ្នាទៅវិញទៅមកយ៉ាងស្វិតស្វាញ ដែលបង្កើតបានជាផ្ទាំងទស្សនីភាពដ៏ជក់ចិត្ត ធ្វើឲ្យអ្នកគាំទ្រទាំងសង់ខាងហើបគូថពីកន្លែងអង្គុយ។ ក្នុងការប្រកួតនេះ ក្រុមខ្សែប្រយុទ្ធក្រេឌីត មានឱកាសគ្រប់គ្រងបាល់មុន ប៉ុន្តែមិនអាចវាយទុម្លុះរនាំងការពាររបស់ក្រុមកីឡាករស្ថាបនា បានឡើយ ហើយស្ទើរតែផ្តល់ឱកាសឲ្យក្រុមរនាំងដែកស្ថាបនាស៊ុតបំប៉ោងសំណាញ់ទីបានសម្រេចមុន។

យ៉ាងណាមិញ រំលងបានតែបន្តិច ក្រុមខ្សែប្រយុទ្ធស្ថាបនា មានឱកាសស៊ុតជាលើកទីពីរ ដោយបំបែកពងមាន់របស់ខ្លួនបានមុនបានសម្រេច នាដើមតង់ទីមួយ ដែលធ្វើឲ្យក្រុមស្ថាបនា មានពិន្ទុនាំមុខក្រុមក្រេឌីតបណ្តោះអាសន្នក្នុងលទ្ធិផល ១-០។ រំពេចនោះ ក្រុមខ្លាំងក្រេឌីត បានបើកការវាយបកសងវិញភ្លាមៗ មកលើក្រុមស្ថាបនា ក្នុងគោលបំណងតាមស្មើ ប៉ុន្តែត្រូវបានអ្នកចាំទីស្ថាបនា ជួយសង្គ្រោះបាល់បាន។ ការព្យាយាមដាក់គំនាបពីដៃគូ មិនបានផ្តល់លទ្ធផលល្អដល់ក្រុមនេះឡើយ ហើយបែរជាធ្វើឲ្យបាល់ដាច់មាត់ និងផ្តល់ឱកាសល្អដល់ខ្សែប្រយុទ្ធស្ថាបនា ស៊ុតបំប៉ោងសំណាញ់ទីរបស់ខ្លួនជាលើកទីពីរ បានសម្រេចនៅពាក់កណ្តាលតង់ទីមួយ។ លទ្ធផល២-០ នេះមិនបានរក្សារហូតដល់ចប់តង់ទីមួយឡើយ ដោយខ្សែប្រយុទ្ធស្ថាបនា អាចធ្វើបានសម្រេចជាលើកទីបីម្តងទៀត នៅចុងតង់ ខណៈដែលក្រុមក្រេឌីត នៅតែមិនអាចបំបែកពងមាន់របស់ខ្លួនបាននៅឡើយ។

ចូលមកដល់តង់ទីពីរ ស្ថានភាពប្រកួតមិនមានភាពផ្លាស់ប្តូរឡើយ ដោយក្រុមរនាំងដែកស្ថាបនា នៅតែអាចគ្រប់គ្រងបាល់បានច្រើនជាងក្រុមក្រេឌីតដដែល និងមានឱកាស់ស៊ុតសំដៅទីក្រេឌីតជាច្រើនលើកច្រើនសារ ធ្វើឲ្យអ្នកគាំទ្រហ៊ោកញ្ជ្រៀវ និងបះគូថពីកន្លែងអង្គុយ។ ក្នុងតង់ទីពីរនេះ ក្រុមស្ថាបនា បានប្រើបច្ចេកទេសរកគ្រាប់បាល់បានពីរគ្រាប់បន្ថែមទៀត ខណៈដែលក្រុមក្រេឌីត អាចបំបែកពងមាន់របស់ខ្លួនបានសម្រេចពាក់កណ្តាលតង់ទីពីរ។ ចប់ការប្រកួត ក្រុមរនាំងដែកស្ថាបនា យកឈ្នះក្រុមក្រេឌីត ក្នុងលទ្ធិផល ៥-១។

គួរបញ្ជាក់ថា ធនាគារ ស្ថាបនា ភីអិលស៊ី បានទទួលលទ្ធផលល្អមិនត្រឹមតែក្នុងការប្រកួតកីឡាបាល់ទាត់នោះទេ ស្ថាប័ននេះ បានទទួលប្រជាប្រិយភាព និងការគាំទ្ររយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទៅផងដែរ។ គិតមកត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ធនាគារ ស្ថាបនា ភីអិលស៊ី ទទួលបានកំណើនទឹកប្រាក់សន្សំសរុបចំនួន ៤២៨លានដុល្លារសហរដ្ឋអាមេរិក និងទឹកប្រាក់កម្ចី បានកើនឡើងរហូតដល់ ៥៥៤ លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនកើនឡើងពី ១២៧,៩០០នាក់ រហូតដល់ ១៥៤,២៤១ នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០១៦។

ធនាគារ ស្ថាបនា ភីអិលស៊ី បានពង្រីកតំបន់ប្រតិបត្តិការ តាមរយៈការបើកសម្ពោធការិយាល័យថ្មីៗ និងដាក់ឲ្យដំណើរការម៉ាស៊ីន ATM របស់ខ្លួនជាបន្តបន្ទាប់ ដែលធ្វើឲ្យធនាគារនេះ ក្លាយជាធនាគារដែលមានតំបន់ប្រតិបត្តិការធំជាងគេចំណាប់ថ្នាក់លេខពីរ នៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារ ស្ថាបនា ភីអិលស៊ី បានបង្កើតសេវាថ្មីៗយ៉ាងសម្បូរបែបជាច្រើន ដូចជាការប្រើប្រាស់សេវា ATM និងសេវាផ្ទេរប្រាក់ដោយមិនគិតថ្លៃ ផលិតផលប្រាក់បញ្ញើដែលទទួលអត្រាការប្រាក់រហូតដល់ ៩.៥% ជាដើម៕

មតិយោបល់