ភ្នំពេញៈ រថយន្តតាកូម៉ាមួយគ្រឿង បើកបោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវកោង ក៏ជ្រុលទៅបុកស្លាកប៉ាណូដែលនៅលើខឿនចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងឆ្លងទៅផ្លូវម្ខាងទៀត បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែរសាលាអន្តរជាតិប៊ែលធី តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-9316 និងនារី២នាក់រួមដំណើរជាមួយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង ស្រាប់តែរថយន្តខាងលើបើកឡើងទៅបុកស្លាកប៉ាណូដែលនៅលើខឿនចែកទ្រូងផ្លូវទាំងកម្រោលបណ្តាលស្លាកប៉ាណូបាក់ដាច់ខ្ទៀតជិត១០ម៉ែត្រ។ រីឯរថយន្តហោះផ្លោងឆ្លងផ្លូវទៅផ្លូវម្ខាងទៀតប្រមាណ៣០ម៉ែត្រក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យនារីម្នាក់ដែលរួមដំណើរក្នុងរថយន្តសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកហុងហាក់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ចំណុចកើតហេតុហើយបានទាក់ទង់ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកធ្វើការដោះទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់