ភ្នំពេញៈ ជនជាតិកូរ៉េម្នាក់ ស្រវឹងជោកជាំបើកបររថយន្តឡិចស៊ីសមួយគ្រឿង បោះពួយយ៉ាងលឿនរួចក៏រេចង្កូតទៅបុកបង្គោលភ្លើងមួយដើមដែលនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៥០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ខាងមុខរោងចក្រLA តាមបណ្តោយផ្លូវ២០០២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិកូរ៉េម្នាក់ វ័យជាង៥០ឆ្នាំ បើកបររថយន្តមួយគ្រឿងម៉ាក ឡុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3602 ដោយបើកក្នុងស្ថានភាពស្រវឹងស្រាជោកជាំ តាមបណ្តោយផ្លូវ២០០២ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កខាងលើរេចង្កូតទៅខាងស្តាំទៅបុកនិងបង្គោលភ្លើង២ដើមដែលនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់១ដើម។ ចំណែកឯរថយន្តវិញរងការខូចខាតកំពិតកាង និងដាច់ក្រឡេកង់ខាងចំហៀងខាងស្តាំ។ ភ្លាមៗនេះអ្នកបើករថយន្តបំណងថយរថយន្តបើករត់គេចតែដោយសារតែរថយន្តក្រឡេទៅមុខលែងរួចក៏បើកទ្វារចុះដើរគេចខ្លួនពីកន្លែងកើតហេតុបាត់។
ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយបន្តទៀត៕
មតិយោបល់