ភ្នំពេញៈ ស្រ្តីម្នាក់ បានធ្វើសកម្មភាពលួចយកខោអាវឈុត របស់អាជីវករនៅក្នុងផ្សារ QMI ដោយច្រកក្នុងថង់ខ្មៅ បម្រុងគេចខ្លួន តែត្រូវម្ចាស់គេឃើញទាន់ ចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១០ នៅក្នុងផ្សារQMI ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីខាងលើឈ្មោះ ស៊ុន ធីតា អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅក្នុងខេត្តកំពង់ឆ្នាំង និងស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញស្រ្តីខាងលើ បានដើរចូលទៅក្នុងផ្សារ QMI បន្ទាប់មកបានចូលទៅកាន់តូបលក់សម្លៀកបំពាក់មួយកន្លែង រួចបានធ្វើសកម្មភាព លួចយកខោអាវឈុត៤ទៅ៥កំប្លេរ ច្រកចូលក្នុងថង់ខ្មៅបម្រុងគេចខ្លួន ប៉ុន្តែត្រូវបានអ្នកលក់ឃើញទាន់ ក៏ស្រែកឆោរឡោ ហើយចាប់ខ្លួនប្រគល់ឲ្យប៉ូលិសតែម្ដង។
ក្រោយសមត្ថកិច្ច នាំខ្លួនយកទៅសួរនាំ ស្ត្រីខាងលើ បានឆ្លើយប្រាប់ថា បន្ទាប់ពីនាងត្រឡប់មកពីស្រុកកំណើត ក្រោយថ្ងៃចូលឆ្នាំរួច អត់មានការងារធ្វើ ហើយក៏គ្មានលុយចាយ និងបង់ថ្លៃផ្ទះជួលទៀត ទើបសម្រេចចិត្តធ្វើបែបនេះ ដើម្បីអាចយកទៅលក់ យកលុយចាយវាយគ្រាន់ដោះទាល់ តែស៊យអី ក៏ត្រូវម្ចាស់ទាន់ឃាត់ខ្លួនឲ្យប៉ូលិសតែម្ដង។
ដោយសារជនរងគ្រោះមិនបានដាក់ប្តឹង ទើបសមត្ថកិច្ច គ្រាន់តែធ្វើការអប់រំណែនាំស្ត្រីខាងលើ ហើយធ្វើកិច្ចសន្យារួចរាល់ ក៏ដោះលែងទៅវិញ៕
មតិយោបល់