ក្រុមហ៊ុនផលិតឱសថ AstraZeneca កាលពីថ្ងៃទី២៤ ខែកក្កដាបាននិយាយថា ខ្លួនកំពុងស្វែងរកខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ខ្លួនដើម្បីព្យាយាម និងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅកាន់ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីការបែកធ្លាយលិខិតដែលបានបង្ហាញកាលពីសប្តាហ៍មុនថាក្រុមហ៊ុនផលិតឱសថនេះបានផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងចំនួនពី ៥ ទៅ ៦លានដូសក្នុងមួយខែទៅកាន់ប្រទេសថៃដែលផ្ទុយពីការអះអាងរបស់មន្ត្រីថៃដែលថា ក្រុមហ៊ុននេះនៅជំពាក់ការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់រដ្ឋាភិបាលចំនួន ១០លានដូសក្នុងមួយខែ និង ៦១លានដូសនៅត្រឹមចុងឆ្នាំ ២០២១ ។
លោក James Teague នាយកគ្រប់គ្រងក្រុមហ៊ុន AstraZeneca Thailand បាននិយាយថា ក្រុមហ៊ុន AstraZeneca កំពុងស្វែងរកខ្សែសង្វាក់ផ្គត់ផ្គង់ជាង ២០ ទៀតនៅក្នុងបណ្តាញផលិតកម្មទូទាំងពិភពលោករបស់ខ្លួនដើម្បីស្វែងរកវ៉ាក់សាំងបន្ថែមសម្រាប់តំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសថៃផងដែរ។
លោកបាននិយាយបន្ថែមថា «យើងសង្ឃឹមថានឹងមានការនាំចូលដូសបន្ថែមទៀតនៅប៉ុន្មានខែខាងមុខនេះ»។
លោក Teague បាននិយាយថា ក្រុមហ៊ុន AstraZeneca បានចែកចាយវ៉ាក់សាំងចំនួន ៩លានដូសដល់ប្រទេសថៃហើយរហូតមកដល់ពេលនេះ ហើយនឹងដឹកជញ្ជូនចំនួន ២,៣លានដូសបន្ថែមទៀតនៅសប្តាហ៍ក្រោយ។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រទេសថៃបានចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនបានត្រឹមតែ ៥,៥៦ភាគរយប៉ុណ្ណោះនៃប្រជាជនសរុបដែលមានជាង ៦៦លាននាក់ ខណៈដែលប្រជាជនចំនួន ១៨,៦២ភាគរយបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។
ក្រុមហ៊ុនផលិតឱសថនេះធ្លាប់បាននិយាយថា ដូសវ៉ាក់សាំងសម្រាប់ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍នឹងបានមកពីរោងចក្រថៃ Siam Bioscience ជាដៃគូរបស់ខ្លួន ដែលជាកម្មសិទ្ធិរបស់ស្តេចថៃ៕
មតិយោបល់