បន្ទាយមានជ័យ: ជនបរទេសប្រុស-ស្រី យ៉ាងហោចណាស់៧នាក់ ក្នុងចំណោម១៣នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីក្រឡាប់រថយន្តក្រុងមួយគ្រឿង កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំណុចមុខខ្លោងទ្វាផ្លូវចួលវត្តទឹកជោរ ស្ថិតនៅភូមិតាប៉ុនឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តក្រុង២៥កៅអី ម៉ាកហ្វិនដាយ ពណ៌ស ពាក់ស្លាកលេខភំពេញ 3D-3724 បើកបរដោយឈ្មោះពេជ្រ ដា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្លរក្រាម ស្រុកសូត្រនិគម ខេត្តសៀមរៀប បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានជាន់ប្រាំងបន្ថយល្បឿន ខណៈមានរថយន្តបែនដឹកដីនៅខាងមុខ បម្រុងវ៉ារថយន្តតូច នៅខាងមុខក្នុងទិសស្របគ្នាពីលិចទៅកើត តែពេលជាន់ប្រាំង គឺប្រាំងរថយន្តខូច បណ្តាលឲ្យក្រឡាប់ មកខាងឆ្វេងដៃ ដោយអ្នកជិះជាជនជាតិបរទេសចំនួន៧នាក់រងរបួស។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែង និងបានទាក់ទងរថយន្តសង្គ្រោះ ដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ផងដែរ។
អ្នកដំណើរជនជាតិបរទេស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ មានចំនួន១៣នាក់ រួមមាន៖ – ជនជាតិអូស្ត្រាលីចំនួន៣នាក់
– ជនជាតិអាមេរិកកាំងចំនួន៥នាក់
– ជនជាតិកាណាដាចំនួន៣នាក់
– និងជនជាតិអង់គ្លេសចំនួន២នាក់។
បច្ចុប្បន្នអ្នកទាំង១៣នាក់ បាននិងកំពុងព្យាបាល នៅក្នុងមន្ទីរពេទ្យស្រុកក្រឡាញ់ខេត្តសៀមរាប៕
មតិយោបល់