អ៊ីស្រាអែលៈ យោធាអ៊ីស្រាអែល បាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរីមួយគ្រឿង ដោយចោទប្រកាន់ថា វាបានឆ្លងចូលមកក្នុងតំបន់ Golan Heights ដែលខ្លួនបានកាន់កាប់ ខណៈមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅតែបន្តធ្វើទ្បើងរវាងកងទ័ពស៊ីរី និងក្រុមឧទ្ទាម នៅភាគនិរតីរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែល លោក Jonathan Conricus បាននិយាយថា យន្តហោះចម្បាំង Sukhoi របស់ស៊ីរី បានហោះមកកាន់ប្រទេសអ៊ីស្រាអ៊ែល ក្នុងល្បឿនលឿន មុននឹងវាត្រូវបានបាញ់ទម្លាក់ នៅដែនអាកាសក្នុងប្រទេស។
ដោយលោកបានបន្ថែមថា វានៅមិនទាន់ច្បាស់ទេថា យន្តហោះនោះ បានឆ្លងចូលតំបន់ដែលអ៊ីស្រាអែលកាន់កាប់ ដោយចេតនាឬយ៉ាងណាទេ ហើយក៏ពុំមានព័ត៌មានលម្អិតភ្លាមៗ អំពីជោគវាសនានៃអាកាសយានិកនោះផងដែរ។
ក្រុមយោធាដែលបានឃ្លាំមើល ការហោះហើររបស់យន្តហោះនោះ បានបាញ់មីស៊ីល Patriot ចំនួនពីរគ្រាប់ បន្ទាប់ពីវាហោះបានចូលមកដែនអាកាសអ៊ីស្រាអែល ចម្ងាយប្រហែល ២ គីឡូម៉ែត្រ៕
មតិយោបល់