ព័ត៌មានជាតិ

ប្រជាពលរដ្ឋនិងសមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យម្នាក់ ក្រោយពីចេញធ្វើសកម្មភាពបម្រុងលួចទ្រព្យសម្បត្តិអ្នកភូមិ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋព័ទ្ធចាប់បានរួចវាយខ្នោះយកមកប៉ុស្ដិ៍នគរបាលច្បារអំពៅ២ ដើម្បីសួរនាំ ។

ក្នុងកិច្ចសហការរបស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យខាងលើ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែររោងចក្រដែកគោល ស្ថិតក្នុងភូមិដើមព្រីង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ស្វាយ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ រីឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមិនស្គាល់ឈ្មោះនោះឡើយ។

តាមសម្ដីប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនដំបូង ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកក្នុងភូមិដើម្បីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ តែពេលនោះមានប្រជាពលរដ្ឋឃើញទាន់ក៏ស្រែកថា ចោរៗ ក៏ធ្វើឲ្យជនសង្ស័យម្នាក់ភ័យបានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋដើម្បីលាក់ខ្លួន ហើយនៅពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ដោយសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យខាងលើអស់មួយពេលធំ ក៏ឃាត់ខ្លួនបានតែម្ដង រួចសមត្ថកិច្ចយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីសួរនាំភ្លាមៗ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្ដិ៍ច្បារអំពៅ២កំពុងឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់