ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នា ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់នៅខណ្ឌមានជ័យ

ភ្នំពេញៈ យុវជន៣នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូបុរសម្នាក់កំពុងបត់ឆ្លងផ្លូវ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ខាងលើ របួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ។ រីឯយុវជនទាំង៣នាក់ខាងលើ រងរបួសបែកមុខមាត់(មធ្យម ) ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវមុន្នីរ៉េត(២១៧) កែងច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ មុំ ពុំសុផល អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយរូបគាត់ជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-1814 ។ ចំណែកភាគីម្ខាងទៀតមានគ្នា៣នាក់ បានរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលផងដែរ ដោយពួកគាត់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-4308 ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូតាមបណ្ដោយផ្លូវ មុន្នីរ៉េត ទិសដៅពីលិចមកកើត ហើយបានបត់ឆ្វេងឆ្លងផ្លូវ ខណៈឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានយុវជន៣នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងលឿន តាមបណ្ដោយផ្លូវមុន្នីរ៉េត ទិសដៅពីកើត មកលិចហើយក៏បុកម៉ូតូបុរសរងគ្រោះខាងលើចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះដួលបោកក្បាលនឹងថ្នល់ផុងលលាដ៍ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលរថយន្តសាមុយដឹកទៅដល់មន្ទីរពេទ្យ ។ ចំណែក យុវជន៣នាក់ដែលជិះម៉ូតូទៅបុកក៏បានរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលផងដែរដោយឡែកម៉ូតូទាំងពីរគ្រឿង បាន រងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់