ព័ត៌មានជាតិ

រថយន្តព្រុស បើកបុករ៉ឺម៉កម៉ូតូ រុញទម្លាក់ប្រឡាយទឹកស្អុយ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ រ៉ឺម៉កម៉ូតូដឹកកេសសត្វក្រួចមួយគ្រឿង ធ្លាក់ត្រាំប្រឡាយទឹកស្អុយទាំងព្រឹក ខណៈអ្នកបើករងរបួសស្រាល បន្ទាប់ពីរថយន្តព្រុសមួយគ្រឿង បើកបុកពីក្រោយ រុញទម្លាក់ទឹក ហើយរថយន្តបង្ក ជ្រុលទៅបុកផ្ទប់ខឿនមាត់លូ ទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៤ ច្រកចូលបុរីសែននមោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

រថយន្តបង្កម៉ាក តូយ៉ូតា ព្រុស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0103 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីជាសង្សារ នៅមិនទាន់បាត់ក្លិនសុរាផង ។ ចំណែកម៉ូតូរ៉ឺម៉ក ម៉ាកវីវ៉ា ដឹកសត្វក្រួច ធ្វើហើយចំនួន៥កេស បើកបរដោយបុរសម្នាក់។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រ៉ឺម៉កម៉ូតូដឹកក្រួច ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តខាងលើ ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បើកយ៉ាងលឿន ក្នុងទិសស្របទិសគ្នា ដោយព្យាយាមវ៉ាជែងរថយន្តផ្សេងពីខាងស្តាំ ក៏ជ្រុលទៅបុកពីក្រោយ កន្ទុយរ៉ឺម៉កម៉ូតូ រុញទម្លាក់ប្រឡាយទឹកស្អុយ ចំណែក រថយន្តបន្តហោះទៅបុកផ្ទប់នឹងខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច ។

ករណីខាងលើ បង្កឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល តែក្រួចចំនួន៥កេស រងខូចខាត ប្រឡាក់ដី និងត្រាំទឹកស្អុយអស់រលីង ។

ក្រោយកើតហេតុ ភាគីខាងរថយន្តព្យាយាម សម្របសម្រួលជាមួយភាគីជនរងគ្រោះ នៅកន្លែងកើតហេតុ ចេញសងចំនួន៤០០ដុល្លារ តែជនរងគ្រោះមិនព្រម ជិះម៉ូតូឌុបទៅគ្លីនិកសិន ហើយត្រូវបានភាគីខាងរថយន្ត ទាំង២នាក់ ទៅតាមសម្រសម្រួលដល់គ្លីនិក នៅតែមិនត្រូវគ្នា ដោយភាគីរងគ្រោះ ទាមទារថ្លៃព្យាបាលរបួស និងខូចខាតសម្ភារៈសរុបចំនួន១២០០ដុល្លារ តវ៉ាជជែក សម្រួលគ្នានៅមន្ទីរពេទ្យ ជាលទ្ធផល ត្រូវរ៉ូវគ្នា ចំនួន៤៥០ដុល្លារ ជាការបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់