ភ្នំពេញៈ ជនរងគ្រោះពីរនាក់ ម្នាក់ជាចុងភៅ ម្នាក់ទៀតជារត់តុ បានជិះម៉ូតូចេញពីផឹកស៊ីបំណង ទៅខារ៉ាអូខេ ស្រាប់តែត្រូវក្រុមជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូដេញវាយ បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់នៅពេលទៅដល់មន្ទីពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងមុខដីឧកញ្ញ៉ាលីហួរ ផ្លូវ៥៩៨ក្រុម៦ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះទី១ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ មុខរបរ ចុងភៅនៅផ្សារអ៊ីអន២ រងរបួសបែកក្បាលដេរ២០ថ្នេរ បាក់កដៃខាងឆ្វេង និងជនរងគ្រោះទី២ឈ្មោះ ឆាន់ នី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរ រត់តុនៅផ្សារអ៊ីអន២ (ស្លាប់ពេលទៅដល់មន្ទីពេទ្យ)។
ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណមានគ្នា៦នាក់ បានជិះម៉ូតូ៣ គ្រឿងរួមមាន៖
– ទី១ម៉ាកហុងដាzoomer ពណ៌ខ្មៅ
– ទី២ម៉ាកហុងដាMSX ពណ៌ស
– និងទី៣ម៉ាក suzuki nex ពណ៌ខៀវ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូចេញពីផឹកស៊ី នៅមុខបន្ទប់ជួលជិតផ្សារដើមអំពិល ខណ្ឌសែនសុខ គោលបំណងទៅច្រៀងខារ៉ាok នៅម្តុំផ្សារដីហុយ ដោយជិះម៉ូតូតាមបណ្តោយផ្លូវម៉ុងរិទ្ធី ពីលិចទៅកើតពេលមកដល់ចំណុចផ្លូវឆ្លងកាត់ ក៏មានក្រុមជនសង្ស័យខាងលើមានគ្នា៦នាក់ ឆ្លងផ្លូវតែដោយជនរងគ្រោះ បើកបរលឿនធ្វើឲ្យក្រុមជនសង្ស័យ ឆ្លងផ្លូវមិនបានក៏ស្រែកជេរមកលើខាងជនរងគ្រោះ ហើយ បានជិះម៉ូតូដេញវាយរហូតមកដល់មុខដីលីហួរ ជនរងគ្រោះដួលម៉ូតូ ពេលនោះក្រុមជនសង្ស័យ ចុះមកវាយបន្ថែមទៀត រួចក៏គេចខ្លួនអស់ទៅ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយស្ថានភាពធ្ងន់ធ្ងរជនរងគ្រោះម្នាក់បានស្លាប់ ពេលទៅដល់មន្ទីពេទ្យ។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងធ្វើការស្វែងរកកាមេរ៉ាសុវត្ថិភាព តាមដងផ្លូវដើម្បីកំណត់មុខសញ្ញា និងស្វែងរកចាប់ជនសង្ស័យ មកចាត់ការតាមនីតិវិធី៕
មតិយោបល់