ព័ត៌មានជាតិ

ជនជាតិថៃញៀនល្បែង អស់លុយ បែកគំនិតដើរលួច ត្រូវម្ចាស់គេតាមទាន់ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួច (ទូរស័ព្ទ) និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា៖ «យោងលើពាក្យបណ្តឹងរបស់ឈ្មោះ ញ៉ឹក សុចិន្តា ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យខាងលើ មានឈ្មោះ យ៉ាង ឆុងកៅ ភេទ ប្រុស អាយុ ៦០ឆ្នាំ ជនជាតិថៃ មានស្រុកកំណើតក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដតាមកាស៊ីណូ ស្ថិតក្នុងក្រុងប៉ោយប៉ែត ។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានសាកបញ្ចូលថ្មទូរស័ព្ទ ក្នុងតូបលក់ឥវ៉ាន់របស់ខ្លួន ពេលកំពុងតែរវល់លក់ដូរ ស្រាប់តែជនសង្ស័យ បានចូលមកលួចយកទូរស័ព្ទក្នុងតូប ហើយក៏រត់គេចចេញតែម្តង តែត្រូវជនរងគ្រោះស្រែកឆោរឡោរ រាយការណ៍ឲ្យកម្លាំងកងរាជអាវុធហត្ថនៅក្បែរនោះ មកអន្តរាគមន៍ចាប់ជនសង្ស័យបានភ្លាមៗ ។

ក្រោយឃាត់ខ្លួន និងសាកសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ៖ ខ្លួនបានចូលមករស់នៅក្នុងបរវេណកាស៊ីណូ ចំនួន ៥ឆ្នាំមកហើយ កាលពីមករស់នៅដំបូង ខ្លួននៅមានប្រាក់កាសចាយវាយធម្មតា តែដោយខ្លួនជាអ្នកញៀនល្បែង ក៏អស់ប្រាក់ពីខ្លួន រហូតមានគំនិតដើរលួច ក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ ពេលលួចបានម្តងៗ គឺយកទៅលក់បានប្រាក់មក យកទៅលេងល្បែងខ្លះ និងទិញថ្នាំលេបខ្លះ ព្រោះមានជំងឺជាប់ខ្លួនផង។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ បានប្រព្រឹត្តបទល្មើស ៖ អំពើលួច យ៉ាងពិតប្រាកដ ។

ករណីនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់