កណ្ដាលៈ កាលពីវេលាម៉ោង២ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបក្រុមជួញដូរ និងសេពគ្រឿងញៀនប្រុសស្រី ៦នាក់ រួមនឹងថ្នាំញៀនចំនួនជាង៣០កញ្ចប់ នៅចំណុចក្នុងផ្ទះសំណាក់ឡា លីន ស្ថិតក្នុងភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ។
ប្រតិបត្តិការបង្រ្កាបនេះ មានការចូលរួមពីកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល ក្រោមការសម្របសម្រួលពីលោក ទិន សុចិត្រ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅឯភ្នំពេញ បន្ទាប់ពីធ្វើការសាកសួររួច ទើបឈានដល់ការស្រាវជ្រាវ និងបានចូលដល់ក្នុងបន្ទប់លេខ១០១ និង១០២នៃផ្ទះសំណាក់ ឡា លីន មានទីតាំងខាងលើ ក៏បានឃើញមនុស្សប្រុសស្រី៦ នាក់ កំពុងជក់គ្រឿងញៀន រួមនិងគ្រឿងញៀនជាង៣០កញ្ចប់ និងវត្ថុតាងវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕



មតិយោបល់