កណ្តាលៈ ជនជាតិវៀតណាមម្នាក់ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីទិញស្រាបៀរ១កេសផឹកសុីជាមួយជនរងគ្រោះហើយបានខ្វែងពាក្យសំដីគ្នា ជនរងគ្រោះដេញវាយជនសង្ស័យរហូតដល់ផ្ទះទើបធ្វើឲ្យជនសង្ស័យទ្រាំមិនបានយកកូនកាំបិតចាក់ធ្លាយពោះវៀន កាលពីម៉ោងប្រហែល១០និង៥នាទីយប់ ថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀង យុាំងផាប ភេទប្រុសអាយុ២៥ឆ្នាំជាជនជាតិវៀតណាមមានមុខរបរជាកម្មករសំណង់រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ចំណែកជនសង្ស័យឈ្មោះវ៉ាងសុក ភេទប្រុសអាយុ១៨ឆ្នាំជនជាតិវៀតណាម មានមុខរបរកម្មករសំណង់ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា។
នគរបាលបន្តថា មុនពេលកើតហេតុជនសង្ស័យនិងជនរងគ្រោះបន្ទាប់ពីធ្វើសំណង់ហត់នឿយរួចនោះ ក៏បានបបួលគ្នាបន្ថែម ចំនួន២នាក់ទៀត ទិញស្រាបៀរចំនួន១កេសផឹកសុីលេង ខណៈកំពុងផឹកនោះស្រាប់តែមានទំនាស់ពាក្យដីនិងគ្នា ប៉ុន្តែ២នាក់ផ្សេងទៀតមិន ទំនាស់ទេ ដោយជជែកគ្នាតឹងសរសៃកររៀងៗខ្លួន ទើបបណ្តាលឲ្យជនរងគ្រោះខឹងច្រឡោតស្ទុះមកវាយជនសង្ស័យ ចំណែកជនសង្ស័យដោយខ្លួនមានមាឌតូចជាងជនរងគ្រោះក៏រត់ចេញទៅផ្ទះ ហើយជនរងគ្រោះនៅតែបន្តដេញតាមវាយទើបធ្វើឲ្យជនសង្ស័យទ្រាំមិនបានក៏ចូលទៅយកកូនកាំបិតចាក់ទៅលើជនគ្រោះចំពោះផ្នែកខាងស្តាំបណ្តាលឲ្យធ្លាយពោះវៀន។
ក្រោយមកនគរបាលប៉ុស្តិ៍ព្រែកគយចុះទៅដល់ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរនិងបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្អាងដើម្បីជួយសង្រ្គោះអាយុជីវិតជាបន្ទាន់៕
មតិយោបល់