ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន រិទ្ធិមុន្នី បុករះរថយន្តនិងកិនម៉ូតូ២គ្រឿង!..

ភ្នំពេញ: គ្រោះថ្នាក់ចរចារណ៍មួយបានកើតឡើង បង្កដោយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន “រិទ្ធិមុន្នី” បានបុកបញ្ឆិតគូថរថយន្តហាយលែនឌ័រមួយគ្រឿង រងការខូចខាត មិនទាន់អស់ល្បឿនជ្រុលទៅកិនម៉ូតូ២គ្រឿងកៀបជាប់ក្រោមរថយន្ត ម្ចាស់ម៉ូតូទាំង២នាក់ បានដួលខ្ទាតចេញបណ្តាលឲ្យរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តដឹកអ្នកដំណើរខាងលើពាក់ស្លាកលេខ ភ្នំពេញ3D 4690។ រថយន្តរងគ្រោះម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT 8049 និងម៉ូតូ២គ្រឿង ម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៣មួយគ្រឿង ម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង។

ប្រភពព័ត៌មានពីអ្នកបើករថយន្តខាងលើឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្តោយផ្លូវខាងលើទិសដៅពីត្បូងទៅជើង ខណ:ដែលមកដល់ចំណុចកើតហេតុមានរថយន្តខាងលើនិងម៉ូតូ២គ្រឿងឈប់ស្តុបនៅខាងមុខខ្លួនក៏ជាន់ហ្វ្រាំងដែរ តែមិនស៊ីក៏ជ្រុលទៅបុកគូថរថយន្តហាយលែឌ័រនិងបន្តជ្រុលទៅបុកម៉ូតូ២គ្រឿងទៀត។

ប្រភពដដែលបន្តថាខ្លួនបើកមកពីតាមបណ្តាខេត្តហ្វ្រាងស៊ីធម្មតាទេតែមិនដឹងយ៉ាងម៉េចមកដល់កន្លែងកើតហេតុបែរជាជាន់មិនស៊ី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងអូសរថយន្តនិងម៉ូតូដាក់ខាង កុំឲ្យមានការកកស្ទះ ដើម្បីរង់ចាំឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាបញ្ចប់រឿង៕

មតិយោបល់