ក្នុងជំនួបដោយផ្ទាល់ជាមួយស្ដេចវីយូឡុង លោក អ៊ុ ដារ៉ា កាលពីល្ងាចថ្ងៃទី២ សីហា នៅកន្លែងដែលតន្ត្រីករជើងចាស់រូបនេះព្យាបាលជើងនៅតាខ្មៅ អ្នកនាង ឈួន សុវណ្ណឆៃ បានរំលឹកអោយដឹងពីអនុស្សាវរីយ៍ជាច្រើនពាក់ព័ន្ធនឹងលោក ដោយការលាតត្រដាងរបស់អ្នកនាងធ្វើអោយគេបានដឹងកាន់តែច្បាស់ថា លោកក៏ជាអ្នកមានគុណមួយរូបរបស់អ្នកនាងនោះផង។ យ៉ាងណាមិញ អ្នកនាងថាតារាចម្រៀងនៅក្នុងពិភពសិល្បៈ មិនមែនមានតែអ្នកនាងនោះទេ ដែលមានកំណើតដោយសារតែលោក គឺមានតារាដែលមានកេរ្តិ៍ឈ្មោះល្បីៗជាច្រើនផ្សេងទៀត ទើបអ្នកនាងភ្ញាក់ផ្អើលនៅពេលលោក អ៊ុ ដារ៉ា ប្រកាសថាមិនសូវមានអ្នកសិល្បៈមកសួរសុខទុក្ខក្នុងពេលធ្លាក់ខ្លួនឈឺធ្ងន់។
អ្នកនាងឈួន សុវណ្ណឆៃ និយាយថា ក្នុងអំឡុងឆ្នាំ១៩៩៩ អ្នកនាងគ្រាន់តែជាសិល្បការិនីមកពីស្រុកស្រែមួយរូប ហើយបានចូលប្រលងចម្រៀងក្នុងកម្មវិធីមួយនៅប៉ុស្ដិ៍លេខ៥ប៉ុណ្ណោះ ខណៈដែលក្នុងពេលនោះ ក្រោយពេលអ្នកនាងប្រលងចម្រៀងធ្លាក់ លោកអ៊ុ ដារ៉ា ដែលជាតន្ត្រីករផ្នែកវីយូឡុង និងជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះតាំងពីសម័យសង្គមរាស្រ្តនិយម អាណិតដល់អ្នកនាងក៏ជ្រើសយកនាងអោយទៅច្រៀងនៅក្នុងក្រុមយោធាភិរម្យ ដែលទទួលបានតែប្រាក់កម្រៃ និងអង្ករ២០គីឡូក្នុងមួយខែ។ អ្វីដែលអ្នកនាងចងចាំមិនភ្លេច គឺលោកអ៊ុ ដារ៉ា និងគ្រូៗជាមិត្តភក្តិមួយរូបទៀត បានសុំអង្វរអោយក្រុមតន្ត្រីដំឡើងអង្ករអោយអ្នកនាងបានដល់មួយបាវ និងបន្ថែមប្រាក់ខែ នៅពេលដឹងថាអ្នកនាងពិបាករស់នៅភ្នំពេញ ហើយចង់ត្រលប់ទៅរស់នៅខេត្តបន្ទាយមានជ័យវិញ។ អ្នកនាងខ្លួនបានទទួលបទចម្រៀងនិពន្ធថ្មីរបស់លោក អ៊ុ ដារ៉ា ចំនួន៣បទ ប៉ុន្តែបទចម្រៀងទាំងនោះក្រោយពេលថតហើយ លោកអ៊ុ ដារ៉ា ជាអ្នករក្សាទុក ដោយមិនបានបញ្ចេញលក់នោះទេ ទើបអ្នកនាងសោកស្ដាយនៅពេលលោកស្រាប់តែធ្លាក់ខ្លួនឈឺ ហើយមិនដឹងថាបទនោះត្រូវបានរក្សាទុក ឬក៏ត្រូវបាត់បង់បាត់ទៅហើយ។ អ្នកនាងថាក្នុងពេលអ្នកនាងធ្វើជាកូនសិស្សរបស់លោកអ៊ុ ដារ៉ា លោកបានបណ្ដុះបណ្ដាលតារាចម្រៀងច្រើនណាស់អោយក្លាយជាតារាល្បីមកទល់សព្វថ្ងៃ ទើបអ្នកនាងទទូចអោយតារាជាអតីតកូនសិស្សទាំងនោះ នឹកនាដល់លោកគ្រូ ហើយលើកទឹកចិត្តក្នុងពេលដែលលោកចូលវ័យជរានាពេលនេះ។
កញ្ញា សម ថារ័ត្ន កូនស្រីពៅ របស់លោក អ៊ុ ដារ៉ា និងជាកីឡាការិនីល្បុកត្តោ បានថ្លែងបញ្ជាក់ថាក្រោយលោកទទួលគ្រោះថ្នាក់ហើយបាក់ឆ្អឹងលោកមិនមានលទ្ធភាពព្យាបាលដិតដល់នោះទេ ទើបស្ថានភាពបាក់ឆ្អឹងរបស់លោកនៅផ្នែកចង្កេះ និងត្រកៀក កាន់តែមានបញ្ហា ហើយបណ្ដាលអោយលោកពិការ។ កញ្ញាថាលោកមិនត្រូវបានគ្រូពេទ្យធ្វើការវះកាត់តឆ្អឹងនោះទេ ដោយសារតែលោកមានវ័យជរាទៅហើយ ហើយខ្លាចមានឈាមហូរខ្លាំងបណ្ដាលអោយគ្រោះថ្នាក់ ទើបកញ្ញា និងគ្រួសារត្រូវបង្ខំចិត្តយកលោកមកព្យាបាលគ្រូថ្នាំខ្មែរ បើទោះជាលទ្ធផលទទួលបានយឺតយ៉ាវ៕
មតិយោបល់