បន្ទាយមានជ័យៈ មនុស្សម្នាក់បានស្លាប់ ខណៈពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ និង ៣នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូWave បុកម៉ូតូDream កើតឡើងវេលាម៉ោង៧ និង១០នាទីយប់ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍បាននិយាយថាម៉ូតូWAVE ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A-8276 ជិះគ្នា២នាក់បើកបរពីលិចទៅកើតក្នុងល្បឿនលឿនបានទៅបុកពេញទំហឹងជាម៉ូតូDream ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-3032 ជិះដោយយុវតី២នាក់ ក្នុងទិសដៅច្រាស់គ្នាបណ្តាលឲ្យជិះទាំងសងខាងខ្ទាតចេញពីម៉ូតូធ្លាក់ទៅលើដីដេករណូករណែល។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក៏បានចុះមកដល់កន្លែងកើតហេតុហើយបានធ្វើការវាស់វែងនិងដឹកជនរងគ្រោះ ជនបង្កទៅកាន់មន្ទីរពេទ្យបង្អែកស្រុក។
សមត្ថកិច្ចបញ្ជាក់ថាឈ្មោះ ហួ សុខន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងរបួសបាក់ភ្លៅនិងស្មងជើងឆ្វេង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះដួង រើន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេតបន្ទាយមានជ័យ រងរបួសធ្ងន់ហើយបានស្លាប់ខណ:បញ្ជូនដល់មន្ទីរពេទ្យ។
រីឯយុវតីពីរនាក់ផ្សេងទៀតឈ្មោះ ហេង សំអេង អាយុ១៦ឆ្នាំ រស់នៅភូមិអូរសំព័រ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យនិងអ្នករួមដំណើឈ្មោះ នី រិទ្ធី អាយុ១៦ឆ្នាំ រស់នៅភូមិថ្មីឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងបួសស្រាល។
ពាក់ពន្ធ័នឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះក្រោយវាស់វែងសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការសន្និដ្ឋានថាគឺផ្តើមចេញពីការបើកបរខ្វះលើសល្បឿនកំណត់និងឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់។
បច្ចុប្បន្នម៉ូតូខូចធ្ងន់ទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយ តាមនិតិវិធីច្បាប់ ៕






មតិយោបល់