ព័ត៌មានសុខភាព

ប្រយ័ត្ន! គួរជៀសវាងគ្រឿងស្រវឹងអំឡុងពេលបំបៅដោះ បើមិនចង់ឲ្យប៉ះពាល់ខួរក្បាលកូន

អ្នកម្តាយដែលបំបៅកូនដោយទឹកដោះ គួរតែនិយាយថាទេ ចំពោះគ្រឿងស្រវឹង ព្រោះជាតិអាល់កុលនឹងជ្រាបចូលទៅក្នុងទឹកដោះម្តាយ ហើយធ្វើឲ្យខូចកោសិកាខួរក្បាល និងខ្សោយការគិតចំពោះទារក ទៅថ្ងៃអនាគត់។ អនុសាសន៍នេះ ត្រូវបានផ្តល់ដោយក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ Macquarie ប្រទេសអូស្រាលី។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគពីការលូតលាស់របស់កុមារអូស្ត្រាលី ជាង ៥,០០០នាក់ ដែលបានកើតនៅក្នុងឆ្នាំ ២០០៤ និងម្តាយរបស់ពួកគេ។ លទ្ធផលបានបង្ហាញថា ការទទួលទានបរិមាណនៃស្រាតិចតួច ក្នុងអំឡុងពេលបំបៅដោះកូន គឺគ្រប់គ្រាន់ដែលអាចឲ្យជាតិអាល់កុល ជ្រាបចូលទៅក្នុងទឹកដោះ និងបំផ្លាញកោសិកាខួរក្បាលមួយចំនួនដែលមិនទាន់លូតលាស់។

នៅពេលកុមារមានអាយុ ៦ទៅ ៧ឆ្នាំ កាន់តែបង្ហាញយ៉ាងច្បាស់ថា ពួកគេមានបញ្ហាការគិត មិនចង់ញ៉ាំអាហារ និងមានបញ្ហាការគេងផងដែរ។ ទីបំផុត កុមារនឹងមានផលប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងផ្លូវចិត្ត។

ដូច្នេះ អ្នកជំនាញបានហាមប្រាម មិនឲ្យអ្នកម្តាយទាំងឡាយដែលបំបៅកូនដោយទឹកដោះ ទទួលគ្រឿងស្រវឹងឡើយ ទោះបីជាតិចតួចក៏ដោយ៕

ដកស្រង់ពី៖ soha

មតិយោបល់