បាត់ដំបងៈ សំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ ដែលម្ចាស់ចំការពោតធ្វើការភ្ជួរដីដាំដំណាំរាល់ឆ្នាំតែមិនបានប៉ះទៅលើមីនតោន ដែលគេដាក់ត្រួតលើគ្នា និងគ្រាប់មីនប្រឆាំងនឹងមនុស្សចំនួន៤គ្រាប់ ត្រូវបានកម្លាំងស៊ីម៉ាក់ រុករកឃើញនៅក្នុងដីចំការពោត ដែលគ្រាប់ទាំងនេះ មានឥទ្ធិពលសម្លាប់មនុស្សបានជាច្រើននាក់ ។
របាយការណ៍របស់អង្គភាពស៊ីម៉ាក់ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការពោតមួយកន្លែង ស្ថិតក្នុងភូមិកូនភ្នំ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងស៊ីម៉ាក់ ក្រុមTSC លេខ២៣ ដែលជាក្រុមតាមរុករកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានរកឃើញគ្រាប់មីនតោនចំនួន២គ្រាប់ដែលគេដាក់ត្រួតលើគ្នា និងគ្រាប់មីនប្រឆាំងនឹងមនុស្ស ប្រភេទជះអំបែងចំនួន៤គ្រាប់ ។
តាមការពិនិត្យជាក់ស្តែងគឺកម្លាំងស៊ីម៉ាក់បានបញ្ជាក់ថា គ្រាប់មីនតោនប្រភេទ TM-៤៦ នេះ គឺផលិតនៅប្រទេសចិន ហើយការដាក់បង្កប់ក្នុងដីចំការរបស់ពួកខ្មែរក្រហមនេះ គឺមានលក្ខណៈប្រុងប្រយ័ត្នយ៉ាងខ្ពស់បំផុត ដោយពួកគេបានរុំថង់ប្លាស្ទិកដើម្បីការពារនូវការជ្រាបទឹក និងរក្សាបាននូវគុណភាពរាប់ឆ្នាំថែមទៀតផង ។
គ្រាប់មីនតោនទាំងពីរគ្រាប់ដែលត្រួតលើគ្នានេះ គឺអាចមានកម្លាំងផ្ទុះខ្លាំងទ្វេរដង ខណៈដែលមានវត្ថុអ្វីមួយដែលធ្ងន់បានសង្កត់ទៅលើវា ព្រោះកម្លាំងរបស់វាអាចសម្លាប់មនុស្សបានច្រើននាក់ ។ ហើយនេះ ក៏ជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលម្ចាស់ចំការពោតធ្វើការភ្ជួរដីដាំដំណាំរាល់ឆ្នាំតែមិនបានប៉ះទៅលើគ្រាប់មីនទាំងនេះ។ ហើយបច្ចុប្បន្នអង្គភាពស៊ីម៉ាក់បាននាំយក យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ ទៅរក្សាទុកដើម្បីរកពេលវេលាធ្វើការកម្ទេចចោល ៕
មតិយោបល់