ព័ត៌មានជាតិ

ជនជាតិចិន ២នាក់ បើករថយន្តស៊េរីទំនើប Bentley ពាក់ស្លាកលេខភ្នំពេញ 2AR-8898 ពន្លះម៉ូតូមួយគ្រឿង របួសមនុស្ស ២នាក់ នៅខណ្ឌ៧មករា

ភ្នំពេញៈ ជនជាតិចិនប្រុសស្រីពីរនាក់ បានបើករថយន្ត ស៊េរីទំនើបបោះពួយយ៉ាងលឿង មកដល់ផ្លូវបែកជាបួន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បើកដោយបុរស ពីរនាក់ចំពីមុខពេញទំហឹង បណ្ដាលរបួសធ្ងន់ស្រាល ២នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ១១៥កែងនិងផ្លូវ២៤២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសស្រីពីរនាក់ បានបើករថយន្តស៊េរីទំនើប ម៉ាក Bentley ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-8898 ស៊េរីឆ្នាំ២០១៤ បើកពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូទ្រីមសង់ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BA-8229 បើកដោយបុរសពីរនាក់ពីលិចទៅកើតចំពីមុខ ពេញទំហឹង បណ្ដាលឲ្យបោកនិងថ្នល់រងរបួសធ្ងន់ បាក់ជើងស្ដាំម្ខាង និងបែកក្បាលម្នាក់ និងម្នាក់ទៀតរបួសស្រាល ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ
ចំណែករថយន្តបង្កបែកធុងទឹកហូរពេញថ្នល់ ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ទាក់ទងទៅជំនាញ ចុះមកវាស់វែងហើយឲ្យភាគីទាំងសងខាងដោះស្រាយគ្នា ដោយភាគីខាងរថយន្ត បានសងសំណងទៅឲ្យខាងម៉ូតូចំនួន៩៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់