ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈួន សុវណ្ណឆៃ ដឹកនាំសប្បុរសជន ចែកអំណោយនៅកំពង់ស្ពឺ

កាលពីថ្ងៃទី៣ សីហា តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ បានបង្ហាញមុខចុះចែកអំណោយទ្រង់ទ្រាយធំ ដល់កុមារកំព្រាជាច្រើនរូប នៅអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រាដែលស្ថិតនៅភូមិទី១ (ដីអំបិល) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នេះជាលើកទី២ហើយ ដែលអ្នកនាង បានផ្ដួចផ្ដើមជួយដល់ក្មេងៗទាំងនោះ តបតាមការសំណូមពរ។

អ្នកនាងឈួន សុវណ្ណឆៃបានថ្លែងឲ្យដឹងថា ដោយសារតែមើលឃើញពីទុក្ខលំបាករបស់ក្មេងៗ ប្រចាំនៅខេត្តកំពុងស្ពឺនោះ ទើបអ្នកនាង ក្រៅពីផ្ដល់ជាថវិកា និងគ្រឿងឩបភោគបរិភោគ ដែលមួយចំណែកជាទឹកចិត្តរបស់អ្នកនាង និងមួយចំណែកបានពីសប្បុរសជន អ្នកនាងក៍បានបង្កើតបរិយាកាសសប្បាយៗជាមួយក្មេង ដោយបង្កើតជាហ្គេម និងច្រៀងរាំ យ៉ាងសប្បាយដល់ពាក់កណ្ដាលអធ្រាត្រ ក្រោយពីចែកអំណោយផងដែរ។ អំណោយដែលយកទៅប្រគល់ជូន នៅក្នុងពេលនេះ រួមមានទឹកសុីអុីវ ទឹកត្រី ត្រីខ អង្ករ៥បាវ មី សម្លៀកបំពាក់ និងរបស់របរមួយចំនួនទៀតផងដែរ។

លោកចំរើនដែលជាមិត្តជិតដិតរបស់សុវណ្ណឆៃ បានឲ្យដឹងថា លោកក៍បានរួមសហការ ជាមួយអ្នកនាងសុវណ្ណឆៃ ដើម្បីបង្កើត និងរកជំនួយឲ្យបានច្រើន ហើយបានជួយខ្លះដែរ។បើទោះផ្លូវឆ្ងាយ តែសប្បាយចិត្ត ដែលបានចែករំលែកក្តីស្រឡាញ់ ដល់ប្អូនៗឲ្យបានកក់ក្តៅ ព្រោះតាមដឹង១ថ្ងៃប្រើអង្ករអស់១បាវ៕

មតិយោបល់