ភ្នំពេញៈ សមត្ថកិច្ច ព្រហ្មទណ្ឌខណ្ឌសែនសុខ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន បុរសម្នាក់ទៅតុលាការ ពាក់ព័ន្ធ ករណី បរិហាកេរ្តិ៍ ពិធីការិនីទូរទស្សន៍ម្នាក់ តាមបណ្តាញសង្គម ហ្វេសសប៊ុក។
បើយោងតាម សមត្ថកិច្ច ជនសង្ស័យឈ្មោះ តាំង សុភិន ហៅ ភិន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្លាប់ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខ ឃាត់ខ្លួនម្តង ពាក់ព័ន្ធករណី បៀតបៀនកេរ្តិ៍ខ្មាស។
ចំណែកដើមបណ្តឹងជាជនរងគ្រោះ មានមុខរបរ ជាពិធីការិនីទូរទស្សន៍ (សុំមិនបញ្ចេញឈ្មោះ) ស្នាក់នៅផ្ទះលេខ២២E ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួររំលឹកថា សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមពាក្យ បណ្តឹង របស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបាន ហេកអខោនហ្វេសប៊ុក របស់នាង ហើយយកទៅបង្ហោះក្នុងន័យបង្ខូចបរិហារកេរ្តិ៍ ធ្វើអោយនាងអាប់ឱន និងខូចកេរ្តិ៍ឈ្មោះ ទើបនាងសម្រេចចិត្តដាក់ពាក្យប្តឹង ឲ្យសមត្ថកិច្ច ជួយរកយុត្តិតែម្តងទៅ៕
មតិយោបល់