ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីលួចម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទលួចយកម៉ូតូ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ។

មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា មានឈ្មោះ ផន សំអុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ខ្លួនបានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ ។ ក្រោយពីទទួលបណ្តឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់កម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធឿង ធី ហៅអាបាវ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅមិនពិតប្រាកដ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងខណ:ដែលជនសង្ស័យកំពុងជិះម៉ូតូបម្រុងយកទៅលក់ ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុង ដើម្បីធ្វើការសាក​សួរ។

មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចយកម៉ូតូដែលមានភិនភាគដូចខាងលើពិតប្រាកដមែន ដោយសារខ្លួនគេឃើញម៉ូតូដាក់នៅមុខផ្ទះហើយមានទាំងសោនៅជាប់នឹងម៉ូតូស្រាប់ ហើយជាឱកាសល្អគេក៏លួចយកតែម្តង នៅពេលកំពុងជិះបម្រុងយកទៅលក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។ ដោយផ្អែកតាមចម្លើយសារភាព និងវត្ថុតាងជាក់ស្តែងជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំពោះម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញហើយដែរ ៕

មតិយោបល់