តុលាការក្រុងមីណេអាប៉ូលីស បានចេញសាលក្រម កាលពីថ្ងៃទី២០មេសា ដោយបានសម្រេចថា សមត្ថកិច្ចនគរបាលឈ្មោះ Dereck Chauvin បានធ្វើអំពើមនុស្សឃាត។ ជនជាប់ចោទត្រូវបានបញ្ជូន ទៅមន្ទីរឃុំឃាំង ដើម្បីរងចាំស្តាប់ការកំណត់ទោស ក្នុងរវាង៨សប្តាហ៍ទៀត។ សម្រែកត្រេកអរនៅខាងមុខតុលាការ របស់ប្រជាជន និងសកម្មជនទាមទារសិទ្ធិជនស្បែកខ្មៅ បានកងរំពងឡើង។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក៏បានថ្លែងសារអបអរផងដែរ ថានេះជាការបោះជំហានមួយដ៏ធំ ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលស្លាប់ដោយអំពើរើសអើងប្រកាន់ពូជសាសន៍។ តែយ៉ាងណា លោកបានថ្លែងថា វាមិនទាន់គ្រប់គ្រាន់ទេ សហរដ្ឋអាមេរិក ត្រូវតែបន្តធ្វើការងារនេះតទៅទៀត ដើម្បីកសាងសង្គមមួយ ដែលមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា និងគ្មានការរើសអើងពណ៌សំបុរ។

សម្រង់ប្រសាសន៍ របស់លោក ចូ បៃដិន៖
« សាលក្រមតុលាការនៅថ្ងៃនេះ គឺជាការបោះជំហានទៅមុខដ៏សំខាន់។ វាអាចជាជំហានដ៏ធំ ក្នុងវិស័យយុត្តិធម៌នៅសហរដ្ឋអាមេរិក។ គ្មាននរណាម្នាក់ អាចស្ថិតនៅច្បាប់បានទេ។ សាលក្រមតុលាការថ្ងៃនេះ បានផ្ញើសារនេះ តែវានៅមិនទាន់គ្រប់គ្រាន់ទេ។ យើងមិនអាចឈប់ត្រឹមណេះបានទេ។ ការប្រយុទ្ធដើម្បីព្រលឹងរបស់ប្រទេសជាតិមួយនេះ បានបង្កើតឲ្យមានការឈឺចាប់ ប្រទាញប្រទង់គ្នា អស់រយៈពេល២៤០ឆ្នាំមកហើយ។ វាគឺជាទំរង់មួយនៃសង្គ្រាម រវាងគំនិតយល់ឃើញ ដែលថាមនុស្សយើងគ្រប់គ្នាកើតមកមានតម្លៃនិងសិទ្ធិស្មើៗគ្នា និងតថៈភាពពិតជាក់ស្តែង ពោលគឺការរើសអើងពណ៌សំបុរ ដែលបានពុះចែកយើងទាំងអស់គ្នា ជាយូរយារណាស់មកហើយ។
ដូច្នេះ យើងមិនអាចព្រលែងចោលឱកាសនេះ ហើយគិតថា ការងារបានចប់សព្វគ្រប់នោះទេ។យើងត្រូវតែបន្តស្តាប់ សម្រែកដង្ហើយដែលថា « ខ្ញុំមិនអាចដកដង្ហើមបានទេ ខ្ញុំមិនអាចដកដង្ហើមបានទេ » ពាក្យទាំងនេះ គឺពាក្យចុងក្រោយបំផុត របស់លោក Georges Floyd។ យើងមិនអាចបណ្តោយឲ្យពាក្យទាំងនេះ ស្លាប់រលត់បាត់ទៅជាមួយនឹងគាត់ទេ។ យើងត្រូវតែបន្តស្តាប់។ យើងមិនអាចងាកមុខ បែរត្រចៀកចេញបានជាដាច់ខាត។ យើងមានឱកាស ដើម្បីកំណត់គូសវាស នូវការផ្លាស់ប្តូរ នៃមាគ៌ាទាំងឡាយ របស់ប្រទេសនេះ។ »



មតិយោបល់