ព័ត៌មានជាតិ

រថយន្តដឹកទឹកកក បើកកៀរទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់ខាងមុខ ចាក់ទឹកកកចោលពេញផ្លូវ

ភ្នំពេញៈ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បានបើកក្នុងល្បឿនយ៉ាងលឿន ក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដាច់កង់ខាងមុខ ក្រឡាប់ចាក់ទឹកកកចោលពេញផ្លូវ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅ តាមបណ្ដោយផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើករថយន្តកូរ៉េ ដឹកទឹកកក ទំនង់១តោនកន្លះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C-6075 តាមបណ្តោយផ្លូវ២៧១ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់ខាងមុខផ្នែកខាងឆ្វេង ក្រឡាប់ផ្ងារជើងចាក់ទឹកកកចោលធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកន្លែង និងពិនិត្យឃើញថា មិនបណ្តាលឲ្យរងការខូចខាត ទើបអនុញ្ញាតឲ្យម្ចាស់ហៅរថយន្តស្ទូចៗ យកទៅធ្វើដោយខ្លួនឯង៕

មតិយោបល់