ព័ត៌មានជាតិ

ហាយទ្បែនឌ័រ ពន្លះម៉ូតូមួយគ្រឿងអូសជិត ៥ម៉ែត្រ របួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូអូសជិត ៥ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១៤២ កែងផ្លូវលេខ៦៧ ស្ថិតក្នុងសង្កាត់ផ្សាថ្មី១ ខណ្ឌដូនពេញ។

រថយន្ដបង្កម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-4585 បើកបរដោយបុរសម្នាក់ ជាជនជាតិវៀតណាម។ ចំណែកម៉ូតូរងគ្រោះម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CM-0973 ជិះដោយបុរសជនជាតិខ្មែរម្នាក់ ររងរបួសបាក់ដៃ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូជនរងគ្រោះ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដបង្កបុកចំពាក់កណ្ដាលពេញទំហឹង កល់ម៉ូតូអូសក្រោមរថយន្ដប្រហែល៥ម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅបន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុក៏មានការសម្របសម្រួលគ្នា រវាងតំណាងភាគីទាំងសងខាង គឺភាគីខាងរថយន្ដ បានចេញថ្លៃព្យាបាលរបួស និងជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

មតិយោបល់