ព័ត៌មានជាតិ

សាហាវណាស់! រថយន្តស៊ាំយ៉ុង បុកម៉ូតូសង់ ផ្លោងចូលរថយន្ត១គ្រឿងទៀត ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុង បានបុកជាមួយនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧ ចំណុចមុខវត្តអំពិលធំ ក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-8350 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) ក្នុងទិសដៅពីកើតទៅលិច ហើយបានបុកជាមួយ និងម៉ូតូម៉ាកហុងដា១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Q-0068 បើកបរដោយ ឈ្មោះ នួន ណៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីលិចមកកើត បណ្ដាលឲ្យផ្លោងចូលរថយន្ដ១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ប្រភេទ២៥កៅអី ពាក់ស្លាកលេខ សៀមរាប 3A-1341 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ដែលបើកក្នុងទិសដៅពីលិចមកកើត បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីដោះស្រាយតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់