ព័ត៌មានជាតិ

តុលាការលើកពេលប្រកាស សាលក្រម សំណុំរឿង ឃាតកម្ម ប្រពន្ធជួលកូនធម៌សម្លាប់ប្តី ទៅពេលក្រោយ

ភ្នំពេញៈ មិនដូចការគ្រោងទុកឡើយ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅពុំទាន់អាចប្រកាសសាលក្រម សំណុំរឿង ឃាតកម្ម ប្រពន្ធ ជួលកូនធម៌ ឲ្យសម្លាប់ប្តី បាននៅឡើយទេ ដោយលោក សម្រេចលើកពេល ទៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ខាងមុខវិញ។

លោក សេង ហៀង តំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ សូ ផា ភេទប្រុស អាយុ ២៩ឆ្នាំ ជាកូនធម៌ជនរងគ្រោះ និងទី២ឈ្មោះ សៅ សំអឿន ភេទស្រី អាយុ ៤៦ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី កាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះ សូ ផា បានសារភាពថា ជនជាប់ចោទ ឈ្មោះ សៅ សំអឿន ជាប្រពន្ធជនរងគ្រោះ បានជួលខ្លួន ក្នុងតម្លៃ ១ពាន់ដុល្លារ ឲ្យសម្លាប់ប្តី និងយកឡានយករថយន្តទៅផ្ទះវិញ ព្រោះខឹងជនរងគ្រោះ ឈ្មោះ កៅ ផា ជាប្តីយកឡាន តូរីស ដែលឈ្មោះ សៅ សំអឿន ជាប្រពន្ធខំយកលុយ កូនធ្វើការនៅប្រទេសកូរ៉េ ចំនួន ១២,០០០ដុល្លារ ទិញឲ្យរត់ បែរជាជនរងគ្រោះយកទៅរកស៊ីចិញ្ចឹមស្រី ចុះចោលប្រពន្ធកូន។

ដោយឡែកជនជាប់ចោទឈ្មោះ សៅ សំអឿន បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើដូចការលើកឡើងរបស់ឈ្មោះ សូ ផា មែនព្រោះតែខឹងប្តីមានស្រី។

គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួន ក្រុមជនជាប់ចោទខាងលើ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីពលរដ្ឋបាន ប្រទះឃើញសាកសព ជនរងគ្រោះ ចងផ្អោបនឹងដុំថ្ម នៅក្នុងប្រលាយទឹកស្អុយចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦៕

មតិយោបល់