តាកែវៈ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ចំនួន៥នាក់ទៅកាន់សាលាដំបូងខេត្តតាកែវ។
លោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ និងបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង ចុះបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀន និងបំរើសេវាផ្លូវភេទ ចំនួន២ទីតាំង ។
ទីតាំងទី១នៅចំណុចផ្ទះឈ្មោះ ប៉ូ សុខលី ភេទស្រី ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ៈ ១.ឈ្មោះ ប៉ូ សុខលី ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១៤៥កញ្ចប់តូច។ (២.ឈ្មោះ កុយ វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និង៣.ឈ្មោះ សាន់ ស្រីគុន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់តូច) និងស្រ្តីបំរើសេវាផ្លូវភេទចំនួន០៣នាក់។
បន្ទាប់ពីធ្វើការសាកសួរឈានទៅបង្ក្រាបទីតាំងទី០២នៅវេលាម៉ោង១៦ និង៥០នាទីនៅចំនុចផ្ទះឈ្មោះ ស៊ុ បុល ស្ថិតនៅភូមិស្វាយរុន ឃំុជំរះពេន ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យបានចំនួន០២នាក់ ១.ឈ្មោះ ប៉ូ សុខលីម ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង និង២.ឈ្មោះ ស៊ុ បុល ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន២០កញ្ចប់តូច ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀន០១ និងម៉ូតូ០១គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាបានសរុបចំនួន១៧៩កញ្ចប់តូច, ម៉ូតូ០១គ្រឿង និងជញ្ជីងសម្រាប់ ថ្លឹងថ្នាំញៀន០១គ្រឿង។
លោកនាយការិយាល័យប្រឆាំងគឿងញៀនបានបន្ថែមថា៖ បច្ចុប្បន្នជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។ ចំណែកស្រ្តីបម្រើសេវាផ្លូវភេទចំនួន០៣នាក់ ដោយយោងតាមការស្តាប់ចម្លើយឃើញថា ពុំមានការពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀននិងមានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ព្រមទាំងបានការអនុញ្ញាតពី លោកព្រះរាជអាជ្ញា លោកក៏បានដោះលែងឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕
មតិយោបល់