ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តធន់ធំប្រភេទក្រឡុកស៊ីម៉ង់ត៍ ចំពាក់កណ្តាលបណ្ដាលឲ្យរថយន្តកិនអូសជាប់ម្ចាស់ម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរឹទ្ធី ត្រង់ចំណុចច្រកចូលបុរីពិភពថ្មី(ផ្សារទំនើបអ៊ីអន២) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក Suzuki let’s ពណ៌ស ពាក់ស្លាកលេខ កំពត 1L-2257 ធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនលុះមកដល់ចំណុចផ្លូវបំបែកជាបួនក៏វគ្គជានិងរថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងម៉ាក FUSO ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 5A-0150 បុកចំពាក់កណ្ដាលរថយន្តពេញមួយទំហឹងបណ្ដាលឲ្យម៉ូតូនិងអ្នកបើកបរខ្ទាតចូលក្រោមកង់រថយន្ត កិនអូសបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសបាក់ជើងគាបជាប់ជានិងកង់រថយន្ត ភ្លាមៗនោះដែរប្រជាពលរដ្ឋដែលនៅក្បែរៗនោះបាននាំគ្នាជួយទាញដើម្បីឲ្យរថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែកឯអ្នកបើកបររថយន្តវិញគាត់មិនបានចេញពីកន្លែងកើតហេតុទេដោយរង់ចាំខាងក្រុមហ៊ុនមកធ្វើការដោះស្រាយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែង រួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំង២ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់