កំពង់ធំៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញនៅក្នុងប្រឡាយទឹកលូ ត្រង់ចំណុចទួលជ្រៃខាងលិចភូមិកែរ៉ង ចម្ងាយប្រមាណប្រហែល២គីឡូម៉ែត្រពីភូមិ ដែលស្ថិតនៅឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៦ ហើយបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពមានស្នាមរបួសលើផ្ទៃមុខ រយះច្រមុះប្រវែងមួយសង់ទីម៉ែត្រ ជម្រៅ៥សង់ទីម៉ែត្រ រយះត្រចៀកខាងឆ្វេងប្រវែង៣សង់ទីម៉ែត្រ របួសក្បាលផ្នែកខាងក្រោយប្រវែង១០សង់ទីម៉ែត្រ រយះចង្កាប្រវែង៩សង់ទីម៉ែត្រ ជម្រៅ១សង់ទីម៉ែត្រ រយះបបូរមាត់ខាងលើផ្នែកខាងឆ្វេងប្រវែង២សង់ទីម៉ែត្រ និងរយះចិញ្ចើមលើផ្នែកខាងឆ្វេង៣សង់ទីម៉ែត្រ ជម្រៅ១សង់ទីម៉ែត្រ។
សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា សាកសពត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រពន្ធឈ្មោះ ឡុង សោភា អាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
តាមការឲ្យដឹងពីសមត្ថកិច្ចថា ករណីនេះ គឺជាករណីប្លន់រថយន្តលុចស៊ីសRX300 ហើយជនសង្ស័យបានបើករថយន្តបុកស្ពានភោគយុគសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួចចុះរត់បាត់ ហើយសមត្ថកិច្ចក៏បានយករថយន្តស្ទូចមកស្ទូចរក្សាទុកនៅប៉ុស្តិ៍ស្រយូវ។
សមត្ថកិច្ចថា នៅកន្លែងកើតហេតុមានដានជើងមនុស្សបីនាក់ សមត្ថកិច្ចសនិដ្ឋានថា ជនសង្ស័យប្រហែលមានគ្នាបីនាក់៕
មតិយោបល់