ព័ត៌មានជាតិ

រថយន្តហ្វត ស្លាកលេខ ភ្នំពេញ 2Y-3122 បើកលឿនជ្រុលទៅបុកជើងជ្រែងរថយន្តចាក់បេតុង ផ្អើលទាំងយប់

ភ្នំពេញៈ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តរេចង្កូតទៅបុកជើងជ្រែងរថយន្តចាក់បេតុងមួយគ្រឿង ដែលឈប់នៅលើដងផ្លូវកំពុងចាក់បេតុងទៅក្នុងការដ្ឋានសំណង់ដែលនៅជាប់នោះ បណ្តាលឲ្យការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលា៩និង១០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចជាប់របងបន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេសផ្នែកខាងត្បូង តាមបណ្តោយផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ស លាយលឿង ជាប្រភេទរថយន្តចាក់បេតុង ពាក់ស្លាកលេខ ភ្នំពេញ5A-2081 ដែលកំពុងឈប់ចតចាក់បេតុងនៅលើដងផ្លូវ៥២៨ ដោយដាក់ជើងជ្រែងលយចេញមកចំណីផ្លូវម្ខាង។ លុះដល់វេលាកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-3122 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតទៅលិច និងល្បឿនលឿន។ លុះមកដល់ចំណុចកើតក៏បានរេចង្កូតទៅខាងឆ្វេងទៅបុកជើងជ្រែងរបស់រថយន្តចាក់បេតុងដែលដាក់លយចេញមកខាងលើ បណ្តាលឲ្យរថយន្តហ្វតរងការខូចខាតកំពិតកាងផ្នែកខាងមុខចំហៀងឆ្វេងយ៉ាងដំណំ។ ចំណែកឯរថយន្តចាក់បេតុងមិនមានរងការខូចខាតនោះទេ។

ភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានចុះពីលើរថយន្តទាំងក្នុងសភាពទ្រេតទ្រោតរួចក៏បានហៅម៉ូតូឌុបជិះចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញក៏បានចុះមកដល់ចំណុចកើតហេតុ បន្ទាប់មកក៏ឃើញមានដំណាងភាគីខាងរថយន្តបង្កបានចូលខ្លួនមកធ្វើការដោះស្រាយគ្នាជាមួយភាគីរថយន្តចាក់បេតុង ហើយដោយភាគីទាំង២មិនចង់មានរឿងវែងឆ្ងាយ ក៏បានធ្វើការសម្របសម្រួលគ្នាដោយព្រមយករថយន្តទៅជួសជុលរាងៗខ្លួនដើម្បីបញ្ចប់រឿងនឹងកន្លែងកើតហេតុ៕

មតិយោបល់