ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត Highlander មួយគ្រឿង បើកក្នុងល្បឿនលឿនបានជ្រុលចង្តូតទៅបុកទ្រូងផ្លូវ រងការខូចខាតអស់ចំនួន២កង់។ រីឯរយន្តរងការខូចខាតផ្នែកខាងមុខនិងចំហៀងខាងស្ដាំយ៉ាងដំណំផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើងឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ (ត្រង់ចំណុចទល់មុខមជ្ឈមណ្ឌលម៉ូឌែន៥) តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករួមដំណើរដោយនារីម្នាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3577 តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន២កង់ខ្ទាតទៅលើផ្លូវតែម្ដង។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំផងដែរ និងបែកធុងប្រេងហូរហៀរប្រេងពេញផ្លូវ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។ ប្រភពបន្ថែមទៀតថា ភ្លាមនោះគេឃើញបុរសដែលជាអ្នកបើករថយន្តនិងនារីជាអ្នករួមដំណើរជាមួយ បើកទ្វារចេញមក ដោយទុករថយន្តបង្កហេតុចោលនៅកន្លែងកើតហេតុ រួចប្រញាប់ប្រញាល់គេចខ្លួនពីកន្លែងកើតហេតុបាត់តែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមតត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនិតិវិធីផ្លូវច្បាប់៕
មតិយោបល់