ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជុំវិញការប្រើសារធាតុ Novichok

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មថ្មី ទៅលើប្រទេសរុស្ស៊ី បន្ទាប់ពីបានកំណត់អត្តសញ្ញាណនៃសារធាតុបំផ្លាញប្រព័ន្ធប្រសាទមានឈ្មោះថា Novichok ដែលត្រូវបានគេយកមកប្រើ ដើម្បីបំពុលអតីតមន្ត្រីរុស្ស៊ីម្នាក់ និងកូនស្រីរបស់គាត់ ដែលរស់នៅចក្រភពអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨។

លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេឃើញសន្លប់ស្ដូកស្ដឹងនៅលើកៅអី ក្នុងទីក្រុង Salisbury ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ កាលពីខែមីនាកន្លងទៅ ខណ:សា្ថនភាពពួកគេ ស្ថិតក្នុងសភាពគ្រោះថ្នាក់បំផុត។

ពួកគេត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរ ដោយសារធាតុ Novichok ប៉ុន្តែក៏បានជាសះស្បើយឡើងវិញ បន្ទាប់ពីការព្យាបាល នៅមន្ទីរពេទ្យជាច្រើនសប្តាហ៍។

ការស៊ើបអង្កេតរបស់ចក្រភពអង់គ្លេស បានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ី ជាអ្នកនៅពីក្រោយខ្នងនៃការបំពុលនេះ ប៉ុន្តែវិមានក្រឹមឡាំង ក៏បានធ្វើការច្រានចោលបទចោទប្រកាន់នេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ នាយកដ្ឋានរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនកំពុងអនុវត្តវិធានការប្រឆាំង នឹងរុស្ស៊ីទៅលើឧប្បត្តិហេតុមួយនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានអះអាងថា រុស្ស៊ី ពិតជាបានប្រើប្រាស់អាវុធគីមី ឬជីវសាស្រ្តដែលរំលោភលើច្បាប់អន្តរជាតិ ប្រឆាំងនឹងជាតិរបស់ខ្លួនប្រាកដមែន។

ដោយលោកស្រី បាននិយាយថា ទណ្ឌកម្មអាមេរិក ប្រឆាំងរុស្ស៊ីចំពោះបទចោទប្រកាន់មួយនេះ នឹងចូលជាធរមាន ប្រហែលជាថ្ងៃទី ២២ ខែសីហាខាងមុខ ប៉ុន្តែទណ្ឌកម្មថ្មីនោះ មានលក្ខណ:បែបណា គឺមិននៅទាន់ត្រូវបានបញ្ជាក់ទ្បើយ៕

មតិយោបល់