ព័ត៌មានជាតិ

រថយន្តដឹកសាំងក្រុមហ៊ុន ហុងអ៊ីនខេមបូឌា បុកគោយន្ត ស្លាប់ប្តីនិងប្រពន្ធរងរបួសធ្ងន់!

សៀមរាប: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស្តែនដឹកសាំងនឹងរថយន្តកែច្នៃដាក់ម៉ាស៊ីនកិនស្រូវចល័ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៦ ភូមិគោកអំពិល ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

នៅមុនពេលកើតហេតុ គឺមានរថយន្តស្តែនដឹកសាំងជារបស់ក្រុមហ៊ុនហុងអ៊ីនខេមបូឌា ពាក់ស្លាកលេខ ភ្នំពេញ3E-0279 បើកបរពីទិសដៅពីទិសខាងលិចទៅទិសខាងកើតគឺធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរក្នុងល្បឿនលឿនហើយមិនបានប្រុងប្រយ័ត្នលុះដល់ចំណុចកើតហេតុបានបុករថយន្តកែច្នៃដាក់ម៉ាស៊ីនកិនស្រូវចល័តដែលបានបើកបរមកពីទិសខាងត្បូងឡើងមកលើផ្លូវជាតិ រួចបត់ស្ដាំទៅទិសខាងកើត បណ្ដាលឲ្យម្ចាស់រថយន្តកែច្នៃ២នាក់ប្រពន្ធក្នុងនោះឈ្មោះ គាត គា អាយុ៤៤ ភេទប្រុស ត្រូវជាប្ដីមានទីលំនៅភូមិតាអុង ឃុំល្វែងឬស្សី ស្រុកជីក្រែង បានស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ឈន ឃន់ អាយុ៤៥ឆ្នាំ ភេទស្រី ត្រូវជាប្រពន្ធបានទទួលរងរបួសធ្ងន់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកសូទ្រនិគម រីឯអ្នកបើកបររថយន្តស្តែនដឹកសាំងបានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ៕

មតិយោបល់