ព័ត៌មានជាតិ

ក្រោយសាកសួរ លោក ស្វាយ តុញ ឲ្យតៃកុង​គោយន្តកែច្នៃដឹកឫស្សី ដែលបង្កឲ្យអ្នកធ្វើដំណើរជិះបុកស្លាប់ នៅខណ្ឌជ្រោយចង្វារ បានទៅផ្ទះវិញ

ភ្នំពេញៈ បើយោងតាមការឲ្យដឹងពីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នេះថា តៃកុងគោយន្តកែច្នៃម្នាក់ត្រូវបាន លោក ស្វាយ តុញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីរកមិនឃើញកំហុស។

លោកចៅក្រម ស្វាយ តុញ បានឲ្យអ្នកកាសែតដឹងតាម Telegram នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ ថា មូលហេតុដែលលោក អនុញ្ញាតឲ្យតៃកុងគោយន្តនោះ ដោយសារតែ
តំណាងអយ្យការ ស្នើសុំមិនឲ្យឃុំខ្លួនតៃកុងគោយន្តនោះទេ និងម្យ៉ាងទៀត ដោយសារតែ ករណីនេះ ជនរងគ្រោះ បើកទៅបុកគោយន្តស្លាប់ខ្លួនឯង មិនមែនជាកំហុសម្ចាស់គោយន្តនោះទេ។

បើតាមសមត្ថកិច្ចឲ្យដឹងថា ជនត្រូវចោទ ជាតៃកុងគោយន្តកន្ត្រៃកែច្នៃមានឈ្មោះ ម៉ៅ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់បញ្ជូនរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី។

សូមជម្រាបជូនថា តៃកុងរថយន្តឈ្មោះ ម៉ៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងហេតុការគ្រោះចរាចរណ៍ កាលពីរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ខាងត្បូងប៉ុស្តិ៍បាក់ខែង ភូមិក្តីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្តាលឲ្យ ជនរងគ្រោះមានឈ្មោះ ផាត់ សុខលីន ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិថ្មីឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1F-1857 ស្លាប់នៅនឹងកន្លែងកើតហេតុ៕

មតិយោបល់