កំពង់ឆ្នាំងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រថយន្តបុកម៉ូតូ បណ្តាលអោយអ្នកបើកបរម៉ូតូ (ស្លាប់) នៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវលេខ១៥០B ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ កាលពីនៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មានរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AR3218 បើកបរដោយឈ្មោះ ឆេង រិទ្ធថារ៉ូ ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បើកបរចេញពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ពេលបើកមកដល់ចំណុចខាងលើក៏បុកម៉ូតូម៉ាកហុងដាទ្រីម ១២៥សេ.សេពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1K1416 បើកបរដោយឈ្មោះ យិន ហៀ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ បើកចេញពីទិសខាងជើងឆ្ពោះទៅទិសត្បូង ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលអោយអ្នកបើកបរម៉ូតូ (ស្លាប់) នៅកន្លែងកើតហេតុ ។ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង និងប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនបង្ក (អ្នកបើកបររថយន្ត)ម្នាក់ និងវត្ថុតាង (២គ្រឿង)មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនិតិវិធី ៕
មតិយោបល់