បន្ទាយមានជ័យៈ ទាហានឈុតខ្មៅ និងប៉ារ៉ារបស់ថៃ ប្រចាំច្រកតំបន់ព្រំដែនណងព្រឺឈម និងច្រកតំបន់ម៉ាឡៃ កំពុងតែរឹតបន្តឹងការចេញចូលរបស់ពលរដ្ឋខ្មែរ ជាពិសេសចំពោះការយករថយន្តចូលតម្រូវឲ្យមានការថតរូបជាប់ នឹងរថយន្តដែលខ្លួនយកចូល បីដូចជាអ្នកទោស ខណៈដែលការចូលរបស់ថៃមកកម្ពុជា មានភាពប្រក្រតីធម្មតា។
ការរឹតបន្តឹង និងតម្រូវឲ្យថតរូបខាងលើ ពីសំណាក់ទាហានឈុតខ្មៅ ឬប៉ារ៉ាថៃ បានធ្វើមកលើប្រជាជនកម្ពុជា បាន១សប្តាហ៍ទៅហើយ បន្ទាប់ពីការហាមមិនឲ្យរថយន្តក្រៅពីមន្ត្រីរាជការចូល រយៈពេល១ខែមកហើយ ។
អ្នកស្រី ឃឹង សុវត្ថនី ប្រធានគណៈកម្មការត្រួតពិនិត្យច្រកទ្វារព្រំដែន តំបន់ម៉ាឡៃ បានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ភាគីថៃជាពិសេសទាហានឈុតខ្មៅ ដែលប្រចាំនៅច្រកណងព្រឺឈម និងច្រកតំបន់ម៉ាឡៃ ដែលអ្នកស្រី គ្រប់គ្រង បានរឹតបន្តឹង ហាមពលរដ្ឋខ្មែរ ដែលមានមធ្យោបាយជា រថយន្ត ម៉ូតូ ធ្លាប់ចេញចូលតាមច្រកនេះ ទៅស្រុកអារញ្ញ រយៈពេល១ខែមកហើយ ស្រាប់តែថ្មីៗនេះ ពួកគេបានប្រើមធ្យោបាយឲ្យពលរដ្ឋខ្មែរ ដែលចង់យកមធ្យោបាយ ជាម៉ូតូ និងរថយន្ត ត្រូវតែថតរូបជាប់ នឹងរថយន្តបីដូចជាអ្នកទោស ទើបអនុញ្ញាតឲ្យចូលបាន ដែលការធ្វើបែបនេះ ភាគីថៃ មិនបានជូនដំណឹងជាលាយលក្ខអក្សរជាមុន មកខាងកម្ពុជាឡើយ ដែលទង្វើនេះ វាខុសទៅនិងការឯកភាពភាគីទាំង២ កន្លងមក ដែលអនុញ្ញាតឲ្យខាងគណៈកម្មការច្រកតំបន់ ម៉ាឡៃ អាចឲ្យពលរដ្ឋ ឬមន្ត្រីរាជការខាងកម្ពុជា ប្រើប្រាស់រថយន្ត ចូលដីថៃ ទៅផ្សារឡូតាត់ នៃស្រុកអារញ្ញបាន។
ទោះបីជាភាគីថៃបាន ធ្វើដោយឯកតោភាគីយ៉ាងណាក៏ដោយ ក៏ខាងកម្ពុជា មិនបាន តបត រឹតបន្តឹង ការចូលរបស់ភាគីថៃឡើយ គឺនៅតែអនុញ្ញាតឲ្យរថយន្តធំតូចក្នុងមួយថ្ងៃៗ រាប់សិបគ្រឿង ចូលធម្មតា។
តែបើយោងតាម កិច្ចព្រមព្រាង ថ្នាក់ភូមិភាគដែលបានជួបពិភាក្សាគ្នាកន្លងមក ភាគីទាំង២ឯកភាព ផ្តល់ភាពងាយស្រួល ដល់រថយន្តរបស់មន្ត្រីរាជការ និងប្រជាជននៃប្រទេសទាំង២ ដែលមាន ករណីបន្ទាន់ ដោយមានពុំមានលិខិតឆ្លងដែន និងប័ណ្ណឆ្លងដែន ក្នុងការទំនាក់ទំនងការងារចាំបាច់ ឬព្យាបាលរោគ ត្រូវឆ្លងកាត់ការិយាល័យទំនាក់ទំនងព្រំដែន ដោយភ្ជាប់ឯកសារជាផ្លូវការក្នុងពេលធ្វើដំណើរ។
ជាមួយគ្នានេះ អ្នកស្រី បានឲ្យដឹងទៀតថា ការិតបន្តឹងនេះ ប្រហែលខាងថៃ ខឹងនឹងខាងខ្មែរដោយ ថៃចង់ សម្រេចជាឯកតោភាគីដាក់ម៉ាស៊ីនស្កែនខ្លួន និងស្នាមមេដៃ លើជនកម្ពុជា ទាំងអស់ មិនថាពលរដ្ឋស៊ីឈ្នួលទៅព្រឹកវិលល្ងាច និងចូលទៅផ្សារណាត់ តាមច្រកណងព្រឺ ដែលខុសពីអនុស្សារណៈ ចាស់រវាងភាគីទាំង២ពុំបានចែង។
ការធ្វើដូច្នេះ របស់ភាគីថៃ នៃច្រកតំបន់ម៉ាឡៃ-ណងព្រឺ វាមិនខុសពីអ្វីដែល ភាគីថៃ បានធ្វើឡើង រហូតមកដល់សព្វថ្ងៃ នៅច្រកអន្តរជាតិប៉ោយប៉ែត ឡើយ ដោយដើមឡើយ ច្រកអន្តរជាតិ ប៉ោយប៉ែត ពលរដ្ឋទាំង២ប្រទេសជាពិសេសពលរដ្ឋខ្មែរ ចង់ចេញចូលទៅផ្សាររុងក្លឿប្រទេសថៃ ដោយគ្រាន់តែទិញសំបុត្រតំលៃ១ពាន់រៀល ក្នុង១ សំបុត្រអាចចេញចូល បានតែបច្ចុប្បន្ន គឺភាគីថៃ ក្រៅពីទិញសំបុត្រ តម្រូវឲ្យធ្វើកាតសម្គាល់ដែលមានថតរូប និងស្កែនក្រយ៉ៅដៃ ដែលមានសុពលភាពរយៈពេល៦ខែ ឬធ្វើប័ណ្ណព្រំដែន ដែលហៅថា បដឺផាស់ ក៏តម្រូវឲ្យថតរូប និងស្កែនក្រយ៉ៅដៃផងដែរ ហើយការចេញចូលយករថយន្តក៏មានភាពតានតឹងដែលធ្វើឲ្យពិបាក សាំញ៉ាំ ចំណាយថវិកា និងពេលវេលាសម្រាប់ចេញចូលទៅថៃ៕
មតិយោបល់