ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ជាជនជាតិវៀតណាម ករណីយកដាវកែច្នៃកាប់បណ្តាលឲ្យរបួស

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៨:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកដាវកែច្នៃកាប់បណ្តាលឲ្យរបួស ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះគ្មានលេខ (ម្តុំមាត់ទន្លេ) ផ្លូវលំ ភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងឈើ។

ជនសង្ស័យឈ្មោះ ឡាំ យុាំងហ៊ីវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅផ្ទះគ្មានលេខ (ម្តុំមាត់ទន្លេ) ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន)។

មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិ ដោយបានចតម៉ូតូទុកនៅជិតនោះនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យឈ្មោះ ឡាំ យុាំពៅ បានជិះម៉ូតូមកបុកម៉ូតូរបស់ជនរងគ្រោះ ខណ:នោះក៏មានការឈ្លោះប្រកែងគ្នាពាក្យសម្ដីគ្នាទៅវិញទៅមក បន្ទាប់មកជនសង្ស័យបានទៅហៅជនសង្ស័យម្នាក់ទៀតឈ្មោះ ឡាំ យុាំហ៊ីវ ដែលជាបងប្រុសបង្កើតរបស់ជនសង្ស័យមកបានបន្តិច ស្រាប់តែសង្ស័យបានយកដាវកែច្នៃដងឈើ ប្រវែងកន្លះម៉ែត្រ មកកាប់ពីក្រោយខ្នងជនរងគ្រោះបណ្ដាលឲ្យរយះហូរចេញឈាមយ៉ាងច្រើន រួចជនសង្ស័យទាំងពីរខាងលើក៏បាននាំគ្នារត់គេចខ្លួន និងបានបោះដាវកែច្នៃដងឈើនោះចោលតែម្តង។

មុនពេលកើតហេតុជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយមានរបួសធ្ងន់សមត្ថកិច្ចមិនអាចធ្វើការសាកសួរបំភ្លឺបាន និងបានមកពាក្យបណ្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ចាត់ការតាមផ្លូវច្បាប់។ បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យយកមកទីស្នាក់ការប៉ុស្តិ៍ ធ្វើការសាកសួរ។ ចំណែកជនសង្ស័យឈ្មោះ ឡាំ យុាំពៅ បានរត់គេចខ្លួនបាត់។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់